អ្នកចិញ្ចឹមទាត្អូញត្អែរអំពីស៊ុតចុះថ្លៃក្នុង២ខែចុងក្រោយនេះដោយសារវិបត្តិកូវីដ-១៩នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កសិករអ្នកចិញ្ចឹមទាយកស៊ុតបានត្អូញត្អែរថា នៅក្នុងរយៈពេល២ខែចុងក្រោយនេះស៊ុតមានការចុះតម្លៃថោកក្នុង១គ្រាប់លក់ដុំបានតែ២៣០រៀលទៅ៣៥០រៀលប៉ុណ្ណោះបើប្រៀបធៀបទៅដើមឆ្នាំចាប់ពីខែមករា មកដល់ខែតុលាឆ្នាំ២០២០តម្លៃពងទាលក់ដុំ១គ្រាប់តម្លៃ៤០០រៀលទៅ៥០០រៀល ជាពិសេសពងទាបានធ្លាក់ថ្លៃខ្លាំងនៅខែធ្នូឆ្នាំ២០២០នេះ។
បើតាមកសិករឈ្មោះសឹម រ៉ា ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិពោធិព្រៃ ឃុំក្រួស ស្រុកស្វាយជ្រំ បានប្រាប់ឱ្យដឹងថា គាត់ប្រកបមុខរបរចិញ្ចឹមទាយកស៊ុតអស់រយៈពេលជាង២ឆ្នាំមកហើយគឺទទួលបានជោគជ័យដោយបានផលចំណេញគួរសម។ គាត់បានបញ្ជាក់ថា គាត់ទិញទាពូជពីប្រទេសវៀតណាមក្នុង១ក្បាលតម្លៃ១០,៥០០រៀល ដោយចិញ្ចឹម១វគ្គ២,០០០ក្បាល បំប៉នរយៈពេល២ខែទើបបានស៊ុតលក់ ហើយក្នុងខែដំបូងទាហ្វូងចំនួន២,០០០ក្បាលជាមធ្យមពងបាន១៦០០ស៊ុត នេះបើឲ្យចំណីវាដល់គឺពងបានច្រើនតាមខែ។ជាពិសេសខែសម្បូរចំណីក្រៅត្រូវបន្លាស់ទីហ្វូងទាក្នុងរយៈពេលបីទៅបួនថ្ងៃទៅស្រែផ្សេង គឺស្រែដែលមានទឹក ស្រែទើបតែច្រូតកាត់រួច ស្រែច្រូតរដូវវស្សានិងរដូវប្រាំង ដែលមានចំណីបន្ថែមគឺកូនត្រី ខ្យង ខ្ចៅ និងស្រូវជ្រុះ។

លោកសឹម រ៉ាបន្តទៀតថា ក្នុងទា១ក្បាល គិតចាប់ពីពងដំបូងរហូតដល់អាយុចាស់រយៈពេលពងបាន១ឆ្នាំ គឺជាមធ្យមវាពងក្នុង១ខែ២៣ថ្ងៃទៅ២៧ថ្ងៃតាមការផ្តល់ចំណីបំប៉នបានត្រឹមត្រូវគ្រប់គ្រាន់តាមបច្ចេកទេស។ដូច្នេះក្នុងទា១ក្បាលក្នុងមួយឆ្នាំអាចពងបានជាង៣០០ស៊ុត ហើយពេលមេទាចាស់យើងត្រូវលក់ចេញឲ្យអ្មកលក់សាច់។
កសិករដដែលបានឱ្យដឺងទៀតថា តម្លៃពងទាក្នុងឆ្នាំ២០១៩និងដើមឆ្នាំ២០២០មកដល់ខែតុលាឆ្នាំ២០២០តម្លៃពងទាលក់ដុំក្នុង១០គ្រាប់ថ្លៃ៤,០០០ទៅ៤,៥០០រៀល ហើយចាប់ពីខែវិច្ឆិកាមកដល់ខែធ្នូ២០២០នេះតម្លៃលក់បោះដុំ១០គ្រាប់ថ្លៃ២,៣០០ទៅ៣,៥០០រៀលប៉ុណ្ណោះ(សម្រាប់អ្នកចិញ្ចឹមលក់ទៅឱ្យអ្នកលក់រាយ )គឺធ្លាក់ថ្លៃជិតពាក់កណ្តាលនៅចំណេញតិចតួចណាស់ ហើយនៅទីផ្សារនិងតាមតូបនៅជនបទ អ្នកលក់រាយលក់ឲ្យអ្នកយកទៅបរិភោគ១០គ្រាប់តម្លៃ៣,៧០០ទៅ ៤,០០០រៀល។

ទាក់ទិននឹងករណីនេះដែរលោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានឲ្យដឹងថា រូបលោកនិងមន្ត្រីរបស់លោកបានចុះទៅពិនិត្យទីតាំងចិញ្ចឹមទាហ្វូងយកស៊ុតចំនួន៥កន្លែងនៅស្រុកស្វាយជ្រំគឺនៅភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ១កន្លែង នៅភូមិពោធិ៍ព្រៃ ឃុំក្រួស ស្រុកស្វាយជ្រំ១កន្លែង នៅភូមិក្រសាំង ឃុំក្រួស ស្រុកស្វាយជ្រំមួយកន្លែង នៅភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ២កន្លែងដែលមានទាសរុបប្រមាណជាង១ម៉ឺនក្បាល ។
លោកបន្តទៀតថា មន្ត្រីជំនាញបានអប់រំនិងផ្សព្វផ្សាយដល់អ្នកចិញ្ចឹមទាហ្វូងទាំងអស់នូវបច្ចេកទេសនៃការចិញ្ចឹមនិងការថែទាំ ការចាក់វ៉ាក់សាំងការពារជំងឺ និងឲ្យពួកគាត់ត្រូវធ្វើអនាម័យឲ្យបានល្អនៅទីតាំងចិញ្ចឹមនិងពេលត្រូវបន្លាស់ទី ត្រូវតែធ្វើអនាម័យ។ បើមានការបន្លាស់ទីសត្វទាឆ្លងខេត្តត្រូវរាយការណ៍ជូនមន្ត្រីជំនាញពេទ្យសត្វដើម្បីចេញច្បាប់អនុញ្ញាតបន្លាស់ទីនិងបាញ់ថ្នាំសម្លាប់មេរោគផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print