ភ្នំពេញ÷ បុរសជាជនជាតិចិនម្នាក់បានបើករថយន្តលឿនជ្រុលទៅបុកបង្គោលថ្មដាក់ប្រអប់ភ្លើងពេញទំហឹងបណ្ដាលឱ្យបាក់អស់១ ដើម បណ្តាលឲ្យអ្នកបើករថយន្តរងរបួសស្រាល ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោង ២និង១៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីខាងមុខផ្សារបាយ័ន ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិចិនបើករថយន្តម៉ាក TOYOTA VIGO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2I-3063 ធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកបង្គោលថ្មដាក់ប្រអប់ភ្លើងពេញទំហឹងបណ្តាលឲ្យបាក់អស់១ដើមសង្កត់ជាប់ពីលើរថយន្តបណ្តាលឲ្យអ្នកបើករថយន្តរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តទាំង ៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ