ភ្នំពេញ៖ បុរសជាជាងផ្ទះ២នាក់បានជួបគ្រោះថ្នាក់ចរាចរបណ្តាលស្លាប់ ខណៈធ្វើដំណើរចេញពីស្រុកកំណើតទៅរុះរើផ្ទះឲ្យគេ នៅម្តុំជម្ពូវ័ន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៧និង ២០នាទីព្រឹកថ្ងៃទី២ ខែមករាឆ្នាំ ២០២១ នៅតាមផ្លូវជាតិលេខ ៦ ទល់មុខវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ ជេ សុជាតិ អាយុ ៣១ឆ្នាំ មុខរបរជាងផ្ទះឈើ មានស្រុកកំណើតភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី២មានឈ្មោះ ឈឿន ឆោមអាយុ ៤៨ឆ្នាំជាជាងផ្ទះដូចគ្នាស្នាក់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជនរងគ្រោះទាំងនាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី ២០១២ ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម1J-8955 ។ចំណែករថយន្តដឹកខ្សាច់ម៉ាក DONG FENG ពណ៌ស បើកបរដោយឈ្មោះ ហៀង គឹមហាក់ភេទប្រុសអាយុ២៥ ឆ្នាំមានលំនៅភូមិព្រែកកន្ទួតឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវនគរបាលឃាត់ខ្លួន។
ប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ចូលរាជធានី។ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿងធ្វើដំណើរ ពីត្បូង ទៅជើងបញ្ច្រាសទិសគ្នាហើយបត់ធ្វេងឆ្លងផ្លូវដោយសារតែល្បឿនលឿនម៉ូតូក៏បានបុករថយន្តចំកណ្ដាលពេញទំហឹងបណ្ដាលឱ្យបោកក្បាលបាក់កស្លាប់ទាំងពីរនាក់ ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួន។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរារជធានីភ្នំពេញបានចុះទៅវាស់វែងយករថយន្តនឹងម៉ូតូ និងនាំខ្លួនអ្នកបើករថយន្តទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំចាត់ការបន្តតាមនីតិវិធីចំណែកសពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ