ភ្ញៀវទេសចរ​ភាគច្រេីនធ្វេីដំណេីរឆ្លងកាត់ស្រុកបន្ទាយស្រី​ គឺគេចមិនផុតពីនំបញ្ចុកព្រះដាក​ដែលល្បីល្បាញនិងពេញនិយមនោះទេ

ចែករំលែក៖

ខេត្តសៀមរាប៖ នំបញ្ចុកប្រចាំភូមិសាស្ត្រឃុំព្រះដាកនៅតែមានភាពល្បីល្បាញ​រហូតមកទល់បច្ចុប្បន្ននេះ​ បានធ្វើឱ្យអ្នកទេសចរឬអ្នកធ្វើដំណើរឆ្លងកាត់មូលដ្ឋាននេះ តែងតែចូលពិសាជាហូរហែ​ និងលាន់មាត់សរសើរគ្រប់គ្នាថាមានរសជាតិឆ្ងាញ់​។

បេីតាមការអះអាងពីអាជីវករលក់នំបញ្ចុកតាមដងផ្លូវនៅក្នុងឃុំព្រះដាក ស្រុកបន្ទាយស្រី​ គឺ​អ្នកស្រីសាវឿន អាយុជាង៥០ឆ្នាំ បានឱ្យដឹងថា អ្នកស្រីប្រកបរបរលក់នំបញ្ចុកជាយូរឆ្នាំណាស់មកហើយ ដោយថ្ងៃធម្មតាអាចលក់បានជាមធ្យមប្រមាណ១០គីឡូក្រាម និងនៅពេលមានពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាកនានាអាចលក់នំបញ្ចុកអស់ប្រមាណពី៥០ទៅ៦០គីឡូក្រាមក្នុង១ថ្ងៃ។រីឯតម្លៃវិញ អ្នកស្រីសាវឿន បានឱ្យដឹងថាមានតម្លៃសមរម្យ និងមិនមានការដំឡើងថ្លៃអ្វីឡើយ ទោះនៅពេលមានពិធីបុណ្យទានក៏ដោយ។អ្នកស្រីបន្តថា នំបញ្ចុកដែលលក់ជារៀងរាល់ថ្ងៃនេះ ត្រូវស្លទឹកនំតាមគ្រឿងផ្សំតាមបែបធម្មជាតិសុទ្ធសាធ និងការធ្វើមានអនាម័យ ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកទទួលទាន។

អ្នកស្រី​បានគូសបញ្ជាក់ថា “យើងលក់ដាច់ណាស់ សម្លខ្មែរខ្ញុំលក់តែ៣០០០រៀលទេក្នុងមួយចាន ចំណែកសម្លការីក្នុងមួយចាន៥០០០រៀល “។

ទាក់ទិននឹងករណីនេះដែរប្រធានក្រុមប្រឹក្សាឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប​ លោក​តូច ឈន់​ ក៏បានឱ្យដឹងដែរថា ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសាររស់នៅតាមដងផ្លូវនៅមូលដ្ឋាននេះប្រកបរបរលក់នំបញ្ចុកជាយូរឆ្នាំណាស់មកហើយ។ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលក្នុងមុខរបររកស៊ី អាជ្ញាធរឃុំ ស្រុក និងស្ថាប័នពាក់ព័ន្ធតែងតែជួយផ្សព្វផ្សាយអំពីរសជាតិឆ្ងាញ់ពិសារបស់នំបញ្ចុកនៅភូមិព្រះដាក និងបានជំរុញដល់ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវការរក្សាអនាម័យជាប្រចាំ ជាពិសេសបញ្ហាតម្លៃតែម្ដង។

ប្រធានក្រុមប្រឹក្សាឃុំព្រះដាករូបនេះ​ បានបញ្ជាក់បន្ថែមថា​ ដោយឡែកចំពោះលោកអភិបាលស្រុក និងខាងមន្ទីរពាណិជ្ជកម្មខេត្ត បានជួយផ្សព្វផ្សាយអំពីនំបញ្ចុកភូមិព្រះដាកនេះដែរ ព្រោះនំបញ្ចុកនោះមានអនាម័យ ហើយការលក់ឱ្យមានកំណត់ថ្លៃកុំចង់ឡើងចង់ចុះស្រេចតែខ្លួនឯងនោះ ។
មិនតែប៉ុណ្ណោះ​ លោកតែងតែប្រជុំជាមួយលោកប្រធានភូមិព្រះដាកនេះឱ្យប្រាប់ទៅប្រជាពលរដ្ឋជាអ្នកលក់នំបញ្ចុកត្រូវមានអនាម័យស្អាតស្អំ ហើយលក់ឱ្យមានតម្លៃដូចៗគ្នាទៅ៕

...

ដោយ៖ ប្រភពពីទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print