មកទល់ពេលនេះមានពលរដ្ឋជាង១២លាននាក់នៅ៣០ប្រទេសជុំវិញពិភពលោកបានចាក់វ៉ាក់សាំងកូវីដ -១៩ ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបនិឹងអ្នកឆ្លងកូវីដ-១៩ ជិត ៨៥លាននាក់។
តាមសារព័ត៌មាន Bloomberg បានផ្សាយថា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពបំផុតនោះ ពិភពលោកត្រូវតែផលិតវ៉ាក់សាំងឱ្យបានរាប់ពាន់លានដូសបន្ថែមទៀតទើបគ្រប់គ្រាន់។ ដើម្បីផលិតបានចំនួនច្រើនគឺត្រូវចំណាយពេលយ៉ាងយូរទៀត។ ចំណែកការឆ្លងរាលដាលកូវីដ-១៩ នៅតែបន្តឆ្លងយ៉ាងលឿនបំផុត។
បច្ចុប្បន្ន អាមេរិកបានបង្កើនការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ក្រុមហ៊ុន Moderna និង Pfizer – BioNTech ។ អាមេរិក មានគោលដៅចែកចាយឲ្យបាន២០លានដូសនៅក្នុងខែមករាឆ្នាំ២០២១នេះ។
វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNTech បានចែកចាយនិងប្រើប្រាស់នៅតំបន់អាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា ហើយមានប្រទេសជាង៣០ហើយបានចាក់វ៉ាក់សាំង។
ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និង Oxfordត្រូវបានអង់គ្លេសអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២០ ដែលជាការរួមចំណែកក្នុងការបង្កើនផលិតវ៉ាក់សាំងឲ្យបានទាន់ពេលវេលា។
ចំណែកនៅក្នុងប្រទេសចិនវិញ ក្រុមហ៊ុនផលិតវ៉ាក់សាំងSinopharm ក៏ទទួលបានការអនុម័តឲ្យប្រើប្រាស់ដែរ ហើយក្រុមហ៊ុននេះមានគោលដៅចាក់ជូនពលរដ្ឋយ៉ាងតិច៥០លាននាក់នៅដើមខែកុម្ភៈឆ្នាំ២០២១។
បច្ចុប្បន្ននៅលើពិភពលោកទើបតែមានវ៉ាក់សាំងចំនួន៧ប្រភេទប៉ុណ្ណោះដែលបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះមានក្រុមហ៊ុនមកពីអាមេរិក អាល្លឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ី ៕
រូបភាព៖ Reuters