ភ្នំពេញ៖ បទចម្រៀងថ្មីរបស់តារាចម្រៀង រ៉ាប៊ី គឺបទ”មីខ្មៅ” នោះ ស្រាប់តែធ្វើឲ្យលេចចេញការរិះគន់ និងប្រតិកម្មមួយចំនួនពីប្រជាជនដែលមានសម្បុរស្បែកពណ៌ខ្មៅមួយចំនួនដែលពួកគេថាជាបទចម្រៀងដែលកំប្លែងប៉ុន្តែបានឆ្លុះបញ្ចាំងពី ការរើសអើងពណ៌សម្បុរសមនុស្សដូចគ្នានោះ។ ការប្រតិកម្មនេះក៏ក្រោយពីបទចម្រៀងបទ”មីខ្មៅ” របស់ផលិតកម្មថោនទើបនឹងបញ្ចេញ បទចម្រៀង Audio ជាផ្លូវការកាលពី២សប្តាហ៍មុនដោយមានអ្នកចូលទស្សនាជិត១លានដងរួចមកហើយ។
មានវីដេអូខ្លះបានបញ្ចេញដោយតារាចម្រៀងរ៉ាប៊ីដែលមានលាបមុខនិងស្បែកពណ៌ខ្មៅដែលការសម្តែងលាយបែបកំប្លុកកំប្លែងរបស់តារាចម្រៀង រូបនេះផ្ទាល់ផងដែរ។ បុរសជនជាតស្បែកខ្មៅម្នាក់បានបញ្ជាក់លើវីដេអូ និងបានបង្ហោះលើបណ្តាញសង្គមTik Tok ថា៖ ផលិតកម្មថោនបានផលិតវីដេអូចម្រៀងមួយដែលនិយាយពីការសើចចំអកទៅអ្នកមានសម្បុរសស្បែកខ្មៅ។ កញ្ញា រ៉ាប៊ីមានស្បែកស ប៉ុន្តែគាត់លាបមុខឲ្យខ្មៅ ដែលវាគឺជាការលេងសើច និងជាការសើចចំអកទៅកាន់មនុស្សដែលមានសប្បុរស្បែកខ្មៅ។ មនុស្សស្បែកខ្មៅមិនមែនមិនស្អាតទេ ឬមិនមែនជាមនុស្សនោះទេ។ អ្នកជាមនុស្សបែបណាក៏ដោយក៏ត្រូវតែទទួលស្គាល់ខ្លួនឯង ស្រលាញ់ខ្លួនឯង ត្រូវចេះបង្រៀនគ្នាឲ្យស្រលាញ់គ្នាទៅវិញទៅមកទោះបីជាមនុស្សនោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ មនុស្សស្អាតគឺមានអត្តចរិកល្អ មិនមានការមើលងាយ សើចចំអក ឬការរើសអើងលើពណ៌សម្បុរនោះឡើយ។
ទោះជាយ៉ាងណា វីដេអូមួយត្រូវបានបញ្ចេញលើគណនីផ្លូវការរបស់ផលិតកម្មថោន ដើម្បីតបទៅនឹងការរិះគន់មួយចំនួន។ វីដេអូដែលនិយាយដោយកញ្ញារ៉ាប៊ីលើកឡើងថា ជាបទចម្រៀងដែលមានបំណងចង់ឲ្យបងប្អូនសប្បាយរីករាយ ហើយ ការលាបខ្លួនមុខឲ្យខ្មៅគឺដើម្បីឲ្យស៊ីទៅនឹងអត្ថន័យនៃបទចម្រៀង និងមិនមានបំណងរើសអើងអ្នកមានសម្បុរស្បែកខ្មៅទេ ផ្ទុយទៅវិញគឺជាការលើកតម្ដើនអ្នកមានសប្បុរសស្បែកខ្មៅទៅវិញទេ។
នាងរំពឹងថាទស្សនិកជននឹងសប្បាយរីករាយជាមួយបទចម្រៀងមួយនេះ ហើយទោះជាយ៉ាងណានាងក៏ទទួលយកនូវការរិះគន់ណាមួយក្នុងន័យស្ថាបនាផងដែរ។
ទោះជាយ៉ាងណា បទចម្រៀងMV ផ្លូវការដែលគ្រោងចេញកាលពីថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២០នោះនៅមិនទាន់បានឃើញជាផ្លូវការនៅឡើយដែលគេដឹងថាអាចនឹងមានការកែសម្រួលខ្លះដើម្បីបញ្ចៀសប្រតិកម្មណាមួយបន្ថែម៕
https://youtu.be/SsLzodJ9vZE
https://youtu.be/dwBegZTiYxc
ដោយ៖ វឌ្ឍនា