ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈបើកម៉ូតូត្រឡប់ទៅផ្ទះជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកកៀរបណ្តាលឲ្យដួលបោកក្បាលទៅនិឹងថ្នល់ បែកក្បាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ស៊ុន ប៊ុនធី អាយុ៤២ឆ្នាំ មានប្រពន្ធនិងកូន រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CS-3468 តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរពីក្រោយយ៉ាងលឿនមកកៀរបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូបោកក្បាលទៅលើថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯរថយន្តបានបើកគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ