ខេត្តបន្ទាយមានជ័យ: បុរសជាជាងសំណង់ម្នាក់បានធ្លាក់ពីលើរន្ទាកម្ពស់ជាង៤ម៉ែត្រក្នុងការដ្ឋានផ្ទះកំពុងសាងសង់បណ្តាលឲ្យរងរបួសធ្ងន់ តែក្រោយមកបានបាត់បងជីវិត នៅពេលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបានតែបន្តិច។
ជនរងគ្រោះឈ្មោះ ណោ រឿន ភេទ ប្រុស អាយុ 63 ឆ្នាំ រស់នៅភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក មុខរបរ(ជាងធ្វើផ្ទះ) បានមកស៊ីឈ្នួលធ្វើផ្ទះឲ្យឈ្មោះ កូវ សុបិន ភេទប្រុស អាយុ 32ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យជាង១ខែមកហើយ។ លុះមកដល់រសៀលថ្ងៃទី៤ខែមករា ឆ្នាំ២០២១
ជនរងគ្រោះបានឡើងជាន់រន្ទាកម្ពស់ជាង៤ម៉ែត្រដើម្បីបូកស៊ីម៉ងត៍ជញ្ជាំងផ្ទះ ស្រាប់តែរអឹលជើងធ្លាក់ដល់ដីបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ ។
ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី តែដោយសារបួសធ្ងន់ធ្ងរពេកបានស្លាប់នៅក្នុងមន្ទីរពេទ្យនោះតែម្តងទៅ ។
សាកសពបន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យរួច ទើបប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕
ដោយ÷ប្រាថ្នា