ខេត្តព្រះសីហនុ: តាមការបញ្ជាក់អោយដឹងពីសមត្ថកិច្ច គឺមាន ម្ចាស់រថយន្ដមួយគ្រឿង ម៉ាក Highlander ពាក់ផ្លាកលេខព្រះសីហនុ2C-7918 គ្រាន់តែអ្នកបើកបររថយន្ដផ្សេងចុចស៉ីប្លេរ ហើយឡើងវ៉ាទៅមុនសោះ ស្រាប់តែកើតចិត្តខឹងសម្បារ បើករថយន្ដដេញតាម និងវ៉ាទៅមុនវិញ ហើយថយក្រោយមកបុករថយន្ដរបស់ជនរងគ្រោះ បណ្ដាលឲ្យរងការខូតខាតផ្នែកខាងមុខ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះថា លោកបានជ្រាបអំពីព័ត៌មាននេះហើយ នឹងកំពុងឲ្យមន្ដ្រីជំនាញធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនបង្កក្នុងរឿងនេះហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា, ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវឡើងពីមហាស្រពចាស់ ឡើងទៅឃ្លាំងលើ ចំណុចមុខហាង «តាផលលើភ្នំ» ស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានបន្តថា, ក្នុងពាក្យបណ្ដឹងដែលបានដាក់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជនរងគ្រោះឈ្មោះ ង៉ែត វិន មុខរបរគ្រូបង្រៀន បានអះអាងថា បន្ទាប់ពីរថយន្ដបង្កបើកវ៉ារថយន្ដរបស់ខ្លួនវិញហើយនោះ ស្រាប់តែដាក់លេខថយក្រោយបុក រថយន្ដរបស់ជនរងគ្រោះវិញ រួមជននោះ បានចុះមកនិយាយពាក្យមិនសមរម្យ ព្រមទាំងបានប្រើអំពើហិង្សាទៅលើជនរងគ្រោះថែមទៀតផង៕
ដោយ, សិលា