តាមច្បាប់ថ្មី នៅតាមបណ្តាមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសុខាភិបាលនានាក្នុងទីក្រុងញូវយ៉ក នឹងត្រូវផាកពិន័យជាទឹកប្រាក់ដល់ទៅ១សែនដុល្លារអាមេរិក ប្រសិនបើចំនួនវ៉ាក់សាំងកូវីដ-១៩ដែលបញ្ជូនទៅឲ្យចាក់មិនទាន់អស់ក្នុងរយៈពេល១សប្តាហ៍នោះ។ នៅថ្ងៃទី៤ខែមករា អភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo បានព្រមានថា បណ្តាមន្ទីរពេទ្យ និងមន្ទីរសុខាភិបាល ក្នុងទីក្រុងញូវយ៉ក នឹងរងការពិន័យជាទឹកប្រាក់១សែនដុល្លារបើចាក់វ៉ាក់សាំងជូនពលរដ្ឋមិនទាន់អស់ចំនួនដែលបានប្រគល់ជូន ក្នុងរយៈពេល១សប្តាហ៍។ ការព្រមានខាងលើកើតឡើង ក្រោយពេលទីក្រុងញូវយ៉កបានរកឃើញចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីកើនឡើងខ្ពស់ ក្នុងនោះមានកូវីដ-១៩ទម្រង់ថ្មី ដែលបានរកឃើញក្នុងប្រទេសអង់គ្លេស ។ អភិបាលរដ្ឋញូវយ៉កបានស្នើដល់ មន្ត្រីសុខាភិបាលត្រូវមានវិធានការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យអស់ ចំនួនដែលបានប្រគលជូន មិនត្រូវយឺតយ៉ាវនោះឡើយ។ លោកAndrew Cuomo បន្តទៀតថា ការធានាពីសុខភាពដល់ពលរដ្ឋគឺជារឿងសំខាន់បំផុត ។ លោកបានព្រមានថា មន្ទីរពេទ្យទាំងអស់មានជិត២០០នៅក្នុងរដ្ឋញូវយ៉ក គឺត្រូវតែប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ។ បច្ចុប្បន្ន រដ្ឋញូវយ៉កទើបតែបានចាក់វ៉ាក់សាំងអស់៤៦ភាគរយប៉ុណ្ណោះ ក្នុងចំណោមវ៉ាក់សាំងដែលបានប្រគល់ជូន។ នៅក្នុងមន្ទីរពេទ្យមួយចំនួនទើបតែចាក់បាន១៥ភាគរយប៉ុណ្ណោះ។ ញូវយ៉កមានពលរដ្ឋ២០លាននាក់ ប៉ុន្តែការចាក់វ៉ាក់សាំងទើបតែបាន៣សែននាក់ប៉ុណ្ណោះ។ ចំណែកវ៉ាក់សាំងដែលទទួលបានមានដល់ទៅ៤៤៣ពាន់ដូស៕ ដោយ ធីរីណា