ភ្នំពេញ: រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយស្តារិចពីក្រោយចំចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យវិលមួយជុំ រួចហើយរថយន្តបង្កហេតុនោះបានបើកគេចទៅបាត់បន្សល់ទុកតែស្លាកលេខនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ខែមករាឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យស័ង្កម៉ារី តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយស្តារិចពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ2A-8316បើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តស្តារិចពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តស្តារិចវិលមួយជុំត្រឡប់ក្បាលទៅក្រោយវិញ និងរងការខូចខាតយ៉ាងដំណំ ចំណែកថយន្តបង្កមិនបានឈប់ដោះស្រាយទេបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែស្លាកលេខភ្នំពេញ2BE-7047។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់កន្លែងកើតហេតុដោយភាគីរថយន្តរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេសុំយករថយន្តទៅជួសជុលដោយខ្លួនឯង៕ដោយ៖សុខាមានជ័យ