កាលពីវេលាម៉ោង១៧,០០នាទី ថ្ងៃទី៥ មករា ២០២១ កម្លាំងប៉ូលិសខេត្តស្រះកែវ សហការជាមួយប៉ូលិសស្រុកខៅ ឆាក់រ៉ច បានចូលទៅចាប់ខ្លួនស្រ្តីឈ្មោះ យុភីន សៈលៈទ្រី ជនជាតិថៃ អាយុ៤៤ឆ្នាំ នៅបរិវេណចំការអំពៅ ភូមិណង សូន ឃុំណង វ៉ា ស្រុកខៅ ឆាក់រ៉ច ខេត្តស្រះកែវ ព្រមទាំងពលករខ្មែរចំនួន២១នាក់ ក្នុងនោះមានប្រុស៩នាក់ ស្រី៨នាក់ ក្មេងប្រុស៣នាក់ និងក្មេងស្រី១នាក់ ក្រោយពីទទួលបានសេចក្ដីតាយការណ៍មកថា មានក្រុមពលករខ្មែរលួចចូលមកស៊ីឈ្នួលកាប់អំពៅនៅក្នុងទីតាំងខាងលើ។សូមជំរាបថា ក្រោយពីសមត្ថកិច្ចសួរចម្លើយទើបដឹងថា ពលករខ្មែរទាំងអស់ធ្វើដំណើរចូលមកតាមច្រករបៀង បរិវេណចំការដំឡូងជាប់ព្រំដែនកម្ពុ-ថៃ ក្នុងស្រុកខ្លងហាត ដែលប្រឈមជាមួយស្រុកម៉ាឡៃ របស់កម្ពុជា និងមានរថយន្តរង់ចាំដឹកពលករទៅធ្វើការនៅទឺកដីស្រុក ខៅ ឆាក់រ៉ច ខេត្តស្រះកែវ មានបុរសឈ្មោះចេយ ភឿន ជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ជាអ្នកទាក់ទងនាំពលករមកស៊ីឈ្នួលកាប់អំពៅជាមួយស្រ្តីថៃឈ្មោះ យុភីន សៈលៈទ្រី ដោយបានធ្វើរោងស្នាក់នៅបណ្ដោះអាសន្ននៅបរិវេណកណ្ដាលចំការអំពៅ ចម្ងាយពីផ្ទះរបស់នាង យុភីន ប្រមាណ៥០ម៉ែត្រ ទើបសមត្ថកិច្ចឃុំខ្លួនអ្នកទាំងអស់មកសួរចម្លើយ និងរាយការណ៍ឲ្យមន្រ្តីសុខាភិបាលស្រុក ចៅ ឆាក់រ៉ច មកដំណើរការបង្ឃាំងខ្លួន ពិនិត្យកំដៅ បាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងស្នាក់តែម្ដង និងបញ្ជូនទៅត្រួតពិនិត្យរកវីរុសកូវិដ-១៩ តាមវិធានការតឹងរឹង។ ក្នុងនោះសមត្ថកិច្ចប៉ូលិសបានចោទប្រកាន់ស្រ្តីឈ្មោះ យុភីន សៈលៈទ្រី ម្ចាស់ចំការអំពៅខាងលើពីបទ ជួយសង្រ្គោះ លាក់បំពួន ឬជួយដោយប្រការអ្វីក៏ដោយ ដល់ពលករខ្មែរ ដែលចូលមកប្រទេសថៃដោយខុសច្បាប់ឲ្យរួចផុតពីការចាប់ឃុំខ្លួន និងចោទប្រកាន់ពលករខ្មែរទាំងនោះថា ចូលមកប្រទេសថៃដោយខុសច្បាប់ និងបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញស្រុក ខៅ ឆាក់រ៉ច ចាត់ការតាមច្បាប់បន្ត៕វណ្ណា