ការផ្ទេរអំណាចប្រធានាធិបតីអាមេរិក​ ត្រូវបានសហភាពអឺរ៉ុប​ អំពាវនាវឲ្យមានការផ្ទេរដោយសន្តិវិធី

ចែករំលែក៖

អន្តរជាតិ៖ លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen) ប្រធានគណៈកម្មការសហភាពអឺរ៉ុប (European Commission) នៅយប់ថ្ងៃពុធ (ពេលវេលានៅព្រុចសែល) បានអំពាវនាវឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី នៅសហរដ្ឋអាមេរិក បន្ទាប់ពីបាតុកម្មអុកឡុកវិមានសភាអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានផ្ទុះឡើងដ៏ហិង្សាបំផុត។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២០​ បានដកស្រង់សម្តីរបស់លោកស្រីប្រធានគណៈកម្មការអឺរ៉ុប ដោយលើកឡើងយ៉ាងដូច្នេះថា៖ «ការផ្ទេរអំណាចដោយសន្តិវិធី គឺជាស្នូល… លោក ចូ បៃដិន បានឈ្នះឆ្នោតហើយ»។ ការថ្លែងរបស់លោកស្រី Leyen បែបនេះបានកើតមានឡើង ក្រោយពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ហៅការធ្វើបាតុកម្មអុកឡុកសភាអាមេរិកនោះថាជា «ឈុតឆាកដ៏គួរឲ្យស្អប់ខ្ពើម»។

សូមជម្រាបថា​ ក្រោយភាពចលាចលដែលបានកើតឡើង ដោយសារតែការបដិសេធមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតរបស់ខ្លួន លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យក្រុមអ្នកគាំទ្ររបស់លោក ដកថយចេញពីអគារសភាត្រលប់ទៅផ្ទះវិញហើយ រីឯសភាអាមេរិកក៏បានចាប់ផ្ដើមដំណើរការ សម័យប្រជុំឡើងវិញផងដែរ។ នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ មនុស្សម្នាក់បានបាត់បង់ជីវិត ខណៈទីភ្នាក់ងារ FBI បានអះអាងថា ខ្លួនបានទប់ស្កាត់ជនសង្ស័យពីរនាក់ ដែលគ្រោងប្រើគ្រឿងផ្ទុះ។

ជាក់ស្តែងនៅថ្ងៃពុធសប្ដាហ៍នេះ ភាពចលាចលបានបង្ខំឱ្យសភាអាមេរិកផ្អាកសម័យប្រជុំរបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុងគោលបំណង ទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកទី ៤៦។

ដោយឡែកជាការឆ្លើយតបទៅនឹងភាពចលាចល ក្នុងសហរដ្ឋអាមេរិកនេះ​ ត្រូវបានមេដឹកនាំពិភពលោកក្នុងនោះរួមមាន៖​ បារាំង កាណាដា និងអង់គ្លេសជាដើម បានអំពាវនាវឱ្យមានសន្តិភាព និងការផ្ទេរអំណាចដោយសន្តិវិធី ហើយពួកគេថែមទាំងចាត់ទុកផងដែរថា អ្វីដែលបាននិងកំពុងកើតឡើងនៅឯអគារសភាអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រន្ធត់ និងជាការវាយប្រហារលើប្រជាធិបតេយ្យ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print