សម្ដេចក្រឡាហោម ស ខេង ៖ បញ្ហាគ្រឿងញៀនរីករាលដាលដល់ជនបទកាន់តែច្រើន អាជ្ញាធរត្រូវបង្ក្រាបឲ្យទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ, បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា, បញ្ហាគ្រឿងញៀនបានរីករាលដាលដល់ជនបទកាន់តែច្រើន ដូច្នេះ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនត្រូវបន្ដបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេសត្រូវបន្ដពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្ដទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យភូមិ-ឃុំ គ្មានគ្រឿងញៀន។

យោងតាមសេចក្តីព្រាងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានឲ្យដឹងថា អាជ្ញាធរត្រូវចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ ឲ្យបានជាអតិបរមា នូវការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងខិតខំលុបបំបាត់ការដាំដុះ ការរក្សាទុក ការលួចកែច្នៃសារធាតុញៀនគ្រប់ប្រភេទតាមគ្រប់រូបភាពនៅតាម ភូមិ-ឃុំ-សង្កាត់។

ជាងនេះទៅទៀត អាជ្ញាធរ ត្រូវជំរុញបំផុសចលនាអប់រំមហាជនដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទជាពិសេស អនុវត្តឲ្យបានទូលំទូលាយនូវខ្លឹមសារទិសស្លោក «បីកុំ-មួយរាយការណ៍» ៖ បីកុំ មានន័យថា កុំពាក់ព័ន្ធ, កុំអន្ដរាគមន៍, កុំលើកលែង។ ចំណែក មួយរាយការណ៍ មានន័យថា ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀន។

បន្ថែមពីនេះទៀត ប្រជាពលរដ្ឋត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អនុវត្តតាមច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន យុទ្ធសាស្ដ្រទាំង០៥ នៃផែនការជាតិស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន បទបញ្ជាសារាចរណែនាំ និងផែនការយុទ្ធនាការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល តាមគ្រប់ដំណាក់កាល៕ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print