ក្រសួងអប់រំ៖បើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនថា ៖ គ្រឹះស្ថានសិក្សាសាធារណៈនឹងចាប់ផ្តើមអនុវត្ត បវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ស្របតាមខ្លឹមសារលិខិតលេខ ១១០៩.សជណ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

ក្នុងដំណើរការឆ្នាំសិក្សាថ្មីនេះ ក្រសួងបានជំរុញឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និង សេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ ក្រសួងបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគ សិក្សាសម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យម សិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយផ្តោតលើការរៀបចំសិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សានិងមេរៀនសិក្សា និងការអនុវត្តកម្មវិធីសិក្សាបង្រួញ។ ម្យ៉ាងវិញទៀត ដើម្បីធានាដំណើរការគ្រឹះស្ថានសិក្សាសាធារណៈប្រកបដោយប្រសិទ្ធភាព និងសុវត្ថិ ភាពក្នុងបរិបទកូវីដ-១៩ ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេល នៃការបើកបវេសនកាល និងដំណើរការឆ្នាំសិក្សា ២០២០-២០២១_ក្រសួងបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តវិធានការសុវត្ថិភាពសិក្សាក្នុងបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ជ្រាបជាព័ត៌មាន និងអនុវត្តប្រមន្តប្រសិទ្ធភាពខ្ពស់៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print