ក្រោយបាតុកម្មហិង្សា ពលរដ្ឋអាមេរិកបន្តធ្វើបាតុកម្មទាមទារដកតំណែងលោកត្រាំ​

ចែករំលែក៖

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែក្បួនបាតុកម្មនៅទីតាំងជាច្រើនក្នុងទីក្រុងញូវយ៉ក ទាមទារឲ្យបញ្ចប់តំណែងប្រធានាធិបតីដូណាល់ ត្រាំជាបន្ទាន់។ ពលរដ្ឋរាប់សិបពាន់នាក់ជួបជុំគ្នានៅមជ្ឈមណ្ឌល Barclays ក្នុងតំបន់ Barclays ទីក្រុងញូវយ៉ក ប្រឆាំងនឹងប្រធានាធិបតីត្រាំ​។
ក្រុមបាតុករបានស្រែកពាក្យស្លោក ថា«គ្មានលោកត្រាំ» ព្រមទាំងបដាជាច្រើន​ដែលបានសរសេរឲ្យដកតំណែងលោកត្រាំ។ នាងNina Svirsky ជាគ្រូបង្រៀនម្នាក់មកពី តំបន់Brooklyn បានឲ្យដឹងថា «អ្វីដែលយើងបានឃើញ គឺ​ជាការខកចិត្តយ៉ាងខ្លាំង»។
រដ្ឋអាជ្ញាសហព័ន្ធអាមេរិក លោក Michael Sherwin បានឲ្យដឹងថា លោកត្រាំ អាចនឹងរងការចោទប្រកាន់ពីបទជំរុញឲ្យមានអំពើហិង្សានៅវិមានរដ្ឋសភា។ លោកបន្តទៀតថា ក្រសួងយុត្តិធម៌អាមេរិកកំពុងពិចារណាលើការចោទប្រកាន់បទឧក្រិដ្ឋប្រឆាំងនឹងជនណាដែលពាក់ព័ន្ធនឹងកុបកម្មទៅលើអគាររដ្ឋសភានៅថ្ងៃទី ៦ ខែមករា ។
លោក​Michael Sherwin បានបញ្ជាក់ថា លោកត្រាំ​បានអំពាវនាវដល់ក្រុមបាតុករតស៊ូ​ប្រឆាំងលទ្ធផលបោះឆ្នោត។ លោកបន្តទៀតថា អ្នកណាដែលជាប់ពាក់ព័ន្ធ ក្នុងអំពើហិង្សានៅរដ្ឋសភានឹងត្រូវជាប់ទោស​ជាមិនខាន។
សារព័ត៌មានThe New York Times បានផ្សាយថា កន្លងមក ទីប្រឹក្សារបស់លោកត្រាំបានព្រមានថា នឹងត្រូវប្រឈមមុខជាមួយច្បាប់ ប្រសិនបើ​លោកត្រាំ អំពាវនាវឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួនទៅកាន់អគាររដ្ឋសភានោះ។
នៅពេលនេះលោកត្រាំ​បានព្យាយាម សម្របសម្រួល ក្រោយលោកក្លាយជាគោលដៅនៃការចោទប្រកាន់ទោសជាច្រើន ។​លោកត្រាំបានថ្លែងថា នេះជាពេលវេលាដែលត្រូវផ្សះផ្សា និងផ្ទេរអំណាចដោយសន្តិភាព។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើលោកត្រាំនិយាយពាក្យនេះ មុនថ្ងៃទី៦ខែមករា លោកនឹងក្លាយជាវីរបុសអាមេរិក។ ប៉ុន្តែបានហួសពេលទៅហើយ លោកត្រាំ កំពុងតែក្លាយជាអ្នកទោសប្រវត្តិសាស្ត្ររបស់ជាតិអាមេរិក៕ ដោយ៖ធីរីណា


ហ្វូងបាតុករអំពាវនាវឱ្យមានការដកលោកប្រធានាធិបតី Trump ចេញ។ (រូបថតញូវយ៉កថែមស៍)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print