រថយន្តមន្រ្តីស្ថានីយជញ្ជីងអូរពងមាន់បុកពីក្រោយរ៉ឺម៉កលក់ទំនិញបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់នៅក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីស្ថានីយជញ្ជីងអូរពងមាន់ ខេត្តស្ទឹងត្រែង បានបើករថយន្តទៅបុកពីក្រោយរ៉ឺម៉កលក់ទំនិញបណ្តាលបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់ទៀតរងរបួសធ្ងន់ ចំណែកម្នាក់ទៀតជាអ្នករួមដំណើរក្នុងរថយន្តបង្ក ហេតុរងរបួសស្រាល។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីព្រលប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

លោកវរសេនីយ៍ទោ ឈឿន ម៉េង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ជិម សារិន អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីបម្រើការងារនៅស្ថានីយថ្លឹងរថយន្តរាជានុកូល (អូរពងមាន់ ខេត្តស្ទឹងត្រែង ) បានបើករថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6925 ក្នុងទិសដៅពីខាងជើងទៅខាងត្បូងហើយបានបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដាសេរុស ពណ៌ស គ្មានស្លាកលេខ បណ្ដាលឱ្យរ៉ឺម៉កម៉ូតូខ្ទាតទៅខាងស្ដាំដៃធ្វើឱ្យ អ្នកបើកបររ៉ឺម៉កម៉ូតូឈ្មោះ ហាស យ៉ត អាយុ៣៣ឆ្នាំ មុខរបរលក់ដូរចល័តតាមរ៉ឺម៉កម៉ូតូ មានលំនៅនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានស្លាប់នៅនឹងកន្លែងកើតហេតុ និងស្ត្រីម្នាក់ដែលរួមដំណើរជាមួយម៉ូតូរ៉ឺម៉កមិនទាន់ស្គាល់ឈ្មោះរបួសធ្ងន់។ ចំណែកភាគីរថយន្ត Range Rover ក្រៅពីមន្ត្រីស្ថានីយជញ្ជីងនៅមានបុរសម្នាក់ដែលរួមដំណើរជាមួយគ្នាបានរងរបួសស្រាល ហើយពួកគេបាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុ។
នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានអះអាងថា មូលហេតុដែលបណ្ដាលឱ្យមានករណី គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺមកពីរថយន្ត Range Rover បើកបរក្នុងល្បឿនលឿន៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print