Update៖ អ្នកជំនួញជនជាតិថៃម្នាក់ជាថៅកែកាស៊ីណូ FLAMINGO នៅខេត្តប៉ៃលិនត្រូវបានគេវាយនិងបាញ់សម្លាប់យកទៅកប់ចោលក្នុងព្រៃត្រែងក្រោយពីបាត់ខ្លួន៩ថ្ងៃ

ចែករំលែក៖

ខេត្តប៉ៃលិន៖ អ្នកជំនួញជនជាតិថៃម្នាក់ដែលគេស្គាល់ជាថៅកែកាស៊ីណូប៉ៃលិនFLAMINGO នៅខេត្តប៉ៃលិនបានបាត់ខ្លួនរយៈពេល៩ថ្ងៃមិនដឹងមូលហេតុ ហើយថៅកែជនជាតិថៃរូបនោះត្រូវបានគេប្រទះឃើញស្លាប់សាកសពត្រូវជនមិនស្គាល់មុខវាយនិងបាញ់សម្លាប់ហើយដឹកយកទៅកប់ចោលក្នុងព្រៃត្រែងមួយកន្លែងនៅជើងភ្នំកំពូលបី ក្បែរចំការដំឡូងមី អ្នកភូមិនៅចម្ងាយពីច្រកអន្តរជាតិព្រំប្រហែលជិត៦ពាន់ម៉ែត្រ។

កាលពីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សកសពត្រូវបានសមត្ថកិច្ច យាមកាមមួយយប់នៅកន្លែងកើតហេតុ  ។ ទើបនៅព្រឹកមិញថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះនិងមានការចូលរួម ពីតំណាងអយ្យាការ នៃសាលាដំបូងខេត្ត នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តក្រសួងមហាផ្ទៃ គ្រូពេទ្យជំនាញខេត្តរួមនិងសមត្ថកិច្ចថៃផងនោះទៀត បានធ្វើការគាស់សាកសពចេញពីរណ្តៅដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ។

សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសពយ៉ាងម៉តចត់រកឃើញថា ជនរងគ្រោះដែលមានឈ្មោះ សំនឹក ចារ៉ឺនចនសាក់ ភេទប្រុស អាយុ៥១ឆ្នាំ បច្ចុប្បន្នមានភាគហ៊ុនដ៏ធំមួយ នៅក្នុងកាស៊ីណូប៉ៃលិន មានទីតាំងនៅក្បែរច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវ បានឃាតករមិនស្គាល់មុខវាយខ្ទេចមុខ និងបាញ់កាំភ្លើង២គ្រាប់ត្រូវចំត្រង់ចំណុចខាងក្រោយបោះដៃផុតធ្លាយមកខាងមុខ១គ្រាប់ និង១គ្រាប់ទៀតជាប់គ្រាប់ក្នុងខ្លួន ត្រូវបានអ្នកជំនាញ កំពុងតែ វះកាត់យកគ្រាប់កាំភ្លើង១គ្រាប់នោះចេញដើម្បីត្រួតពិនិត្យ សាកសពមានសភាពហើមធំក្លិនស្អុយទំនងគេសម្លាប់ចាប់តាំងពីថ្ងៃបាត់ខ្លួនមកម្លេះ។

ជុំវិញនៃការស្លាប់របស់អ្នកជំនួញជនជាតិថៃខាងលើសមត្ថកិច្ចជំនាញបានអះអាងថា គឺជាអំពើឃាតកម្មគិតទុកជាមុន ក៏ប៉ុន្តែការស្លាប់នោះសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានថា ជាប់ពាក់ព័ន្ធរឿងគំនុំឬរឿងជំពាក់ព័ន្ធ និងកាច់កុងគ្នាក្នុងមុខជំនួញឬយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងតែធ្វើការតាមដានស្រាវជ្រាវស៊ើបអង្កេតយ៉ាងខ្លាំងក្លាបំផុត។ នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញមានកំប៉ុងកូកាកូឡាមួយកំប៉ុងគាស់ចោលមិនផឹក ដបទឹកសុទ្ធ៤ដប ខោខ្លីពណ៌ខៀវមួយ និងប៉ែលជីកដីមួយ។ សាកសពគេកប់ក្នុងជម្រៅជាង១ម៉ែត្រ រណ្តៅជា រង្វង់ទំហំមុខកាត់ប្រហែល៧៥សង់ទីម៉ែត្រ ហើយសពគេកប់ដាំក្បាលទៅមុនជើងខាងលើជាលក្ខណៈអង្កុច។

ជុំវិញនៃការធ្វើឃាតជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំគ្នានិយាយថាឃាតករគឺមានជំនាញច្បាស់លាស់មិនតែប៉ុណ្ណោះឃាតករបានបាញ់ឆ្កែ១ក្បាលងាប់ហើយយកទៅទម្លាក់ចោលនៅក្បែរកន្លែងកើតហេតុប្រហែលជាង១០០ម៉ែត្រឆ្កែមួយក្បាលនោះគឺមានក្លិនស្អុយទៅហើយ។ ឃាតករបាញ់ឆ្កែសម្លាប់ត្រូវគេសនិ្នដ្ឋានថាដើម្បីឱ្យគេយល់ច្រឡំថាជាក្លិនស្អុយខ្មោចឆ្កែ កុំឱ្យចាប់អារម្មណ៍ក្លិចខ្មោចមនុស្ស។

ពាក់ព័ន្ធនិងការស្លាប់របស់អ្នកជំនួញជនជាតិថៃនោះដែរត្រូវបានបុគ្គលិកអ្នកបំរើការងារក្នុងកាស៊ីណូប៉ៃលិន FLAMINGO លួចបង្ហើបប្រាប់ឱ្យដឹងថា ទំនងជារឿងកាច់កុងក្នុងមុខរបរ និងបញ្ហាជំពាក់ប្រាក់គ្នា រវាងថៅកែថៃ និងថៅកែថៃ។ ក៏ទោះបីជាយ៉ាងណានោះគ្រាន់ជាការលើកឡើងក្រៅផ្លូវការរបស់មតិបុគ្គលិកមួយចំនួនប៉ុណ្ណោះ។ រឿងនៃការពិតលុះណាសមត្ថកិច្ចចាប់ខ្លួនជនល្មើសបានទើបដឹងពីការពិតពីក្រោយនៃការស្លាប់ជនរងគ្រោះ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ សំនឹក ចារ៉ឺនចនសាក់ ត្រូវបានបាត់ខ្លួនខណៈដែលជនរងគ្រោះជិះម៉ូតូឌុបចេញពីកាស៊ីណូប៉ៃលិន FLAMINGO ហើយមកជួបបុរស២នាក់ ដែលគេស្គាល់ថាជាជនជាតិថៃដូចគ្នា ម្នាក់អាយុ នៅក្មេង និងម្នាក់ទៀតរៀងចំណាស់ក៏ប៉ុន្តែអ្នកទាំងពីរនាក់ចេះ និយាយភាសារខ្មែរផងដែរ នៅភោជនីដ្ឋានមួយកន្លែងក្បែរច្រកអន្តរជាតិព្រំ ។

បើតាមប្រភពព័ត៌មានឱ្យដឹងថា នៅពេលជួបគ្នានោះជនរងគ្រោះគ្រាន់តែបានផឹកទឹកផ្លែឈើមួយកំប៉ុងប៉ុណ្ណោះ ពួកគេទាំង៣ នាក់មិនបានញាុំអាហារនោះទេគ្រាន់តែកាម៉ង់ម្ហូបមួយមុខរួចហើយក៏នាំគ្នាជិះរថយន្ត១គ្រឿង ពណ៌សំបកឳឡឹក មិនស្គាល់ម៉ាកបើកយឺតៗសំដៅទៅខាងច្រកអន្តរជាតិព្រំពីកើតទៅលិចបាត់ គេមិនដឹងថាពួកគេ ទៅទីណាទៀតនោះឡើយ។ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ នោះមក ជនរងគ្រោះបាត់ខ្លួនរហូត ភរិយាជនរងគ្រោះដាក់ពាក្យប្តឹងសមត្ថកិច្ចកម្ពុជា និងទៅអគ្គកុង ថៃប្រចាំប្រទេសកម្ពុជា ឱ្យស្វែងរកនោះដែរ ក៏ប៉ុន្តែនៅតែរកមិនឃើញ។

លុះនៅរសៀល ថ្ងៃទី២១ ខែកុម្ភៈ ទើបមាន២នាក់ប្តីប្រពន្ធបាននាំគ្នាទៅបង់ត្រី និងបេះត្រកួននៅចំណុច ខាងលើដែលមានអូរ ទឹកនិង ស្រះមួយកន្លែង។ នៅពេលនោះស្ត្រីជាប្រពន្ធបានប្រទះឃើញ ប៉ែល១ដែលគេបន្សល់ទុកនៅកន្លែងកើតហេតុហើយមានធំក្លិនស្អុយ និងឃើញបំណះដីទើបគេជីកកប់ថ្មីៗ។ ស្រ្តីរូបនោះមានការសង្ស័យហើយរត់ទៅប្រាប់ប្តីកំពុងបង់ត្រីនៅក្បែរនោះ។ប្តីមកមើលហាក់បីមានការសង្ស័យ។ ២នាក់ប្តីប្រពន្ធនោះនាំគ្នារត់ទៅប្តឹងរាយការណ៍ប្រធានភូមិនិងប្រជាការពារ។ ប្រធានភូមិនិងប្រជាការពារបានចុះមកដល់ចំណុចកើតហេតុហើយនាំគ្នាយកប៉ែលនោះជីកកកាយបំណះដីស្រាប់តែឃើញជើងមនុស្សក៏នាំគ្នាភ្ញាក់ផ្អើលរត់ទៅប្តឹងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យតែម្តង។

សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចហើយនៅថ្ងៃដដែលនោះគេគ្រោងប្រគល់ឱ្យក្រុមគ្រួសារសពដើម្បីដឹកទៅធ្វើបុណ្យក្នុងប្រទេសថៃវិញ៕

20160222_092522

20160222_093913

20160222_112755

20160222_113210

20160222_114742

20160222_115410

20160222_093926

20160222_090848

ដោយ៖ សំ វិច្ឆិកា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print