សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន ទទួលបានការតែងតាំងជាអគ្គលេខាបក្សពលករ នៅក្នុងមហាសន្និបាតបក្សលើកទី៨។ នេះជាតំណែងធំបំផុតនៅកូរ៉េខាងជើង ។ ក្រោយមេដឹកនាំ គីម ជុងអុីល ទទួលមរណភាពកាលពីឆ្នាំ២០១១មក គណបក្សពលករបានតែងតាំងលោកជាអគ្គលេខាជារៀងរហូត ចំណែកលោកគីម ជុងអ៊ុនកាន់តំណែងជាលេខាទី១។ តាមសារព័ត៌មាន KCNA មហាសន្និបាតបក្សលើកទី៨ នឹងបន្តធ្វើឡើងនៅថ្ងៃទី១១ខែមករានេះ។ នៅក្នុងមហាសន្និបាតលើកទី៧ កាលពីឆ្នាំ២០១៦ធ្វើឡើងរយៈពេល៤ថ្ងៃ ដោយបញ្ចប់ទៅនៅថ្ងៃទី៥ ខែមករា ។ តាមសារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅក្នុងការបោះឆ្នោតនោះដែរ លោកស្រី Kim Yo-jong ជាប្អូនស្រីគីម ជុងអ៊ុនត្រូវបានតែងតាំងជាសមាជិក គណៈកម្មការនយោបាយ ដែលជាស្ថាប័នមានឥទ្ធិពលនៅកូរ៉េខាងជើង ។ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា សកម្មភាពនយោបាយការបរទេសរបស់ទីក្រុងព្យុងយ៉ាងគឺផ្តោតទៅលើការទប់ស្កាត់អាមេរិក ដែលជាប្រទេសបង្កឧបសគ្គជាច្រើនដល់កូរ៉េខាងជើង។ លោកគីម ជុងអ៊ុនបានប្រកាសថា អាមេរិកគឺជាសត្រូវដ៏ធំបំផុតរបស់យើង ។ សារព័ត៌មាន KCNA បានផ្សាយថា បើទោះបីអ្នកណាដឹកនាំអាមេរិកក៏គោលនយោបាយប្រឆាំងកូរ៉េខាងជើងមិនមានការផ្លាស់ប្តូរនោះដែរ ។ លោក គីម បន្តទៀតថា នឹងបន្តសកម្មភាពបរមាណូដើម្បីការពាររាល់ការវាយប្រហារណាមួយ ពីសត្រូវ៕
ដោយ៖ ធី រីណា (រូបភាព៖Yonhap)