សំបូរល្បិចបោកប្រាស់ណាស់បច្ចុប្បន្ន ! មានស្ត្រីម្នាក់តាំងខ្លួនជាក្រុមការងារ ជាក្រុមមេធាវីការពារជនក្រីក្រ និងសាច់ញាតិថ្នាក់ដឹកនាំទៅបោកយកលុយពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង

ចែករំលែក៖

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះចេតនាទុច្ចរិតរបស់ក្រុមជនខិលខូចបានប្រើគ្រប់មធ្យោបាយក្នុងការបោកប្រាស់ទៅលើជនស្លូតត្រង់។ ជាក់ស្តែងមានស្រ្តីម្នាក់តាំងខ្លួនជាក្រុមការងារ ជាក្រុមមេធាវីការពារជនក្រីក្រនិងសាច់ញាតិថ្នាក់ដឹកនាំ ទៅបោកយកលុយពីប្រជាពលរដ្ឋនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការដើម្បីឱ្យចាត់ការទៅលើស្ត្រីមានចេតនាទុច្ចរិតនេះ។

ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិអូរល្គុន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានរងការចាញ់បោកពីស្រ្តីម្នាក់អស់ទឹកប្រាក់ខ្ទង់ពាន់ដុល្លារ តាមរយៈការពឹងពាក់ឲ្យជួយរត់ការ និងការពាររឿងក្តីរបស់ខ្លួន ដោយសារស្រ្តីរូបនេះបានតាំងខ្លួនជាក្រុមការងារចុះមូលដ្ឋាន ជាមេធាវីការពារជនក្រីក្រ និងជាសាច់ញាតិរបស់ថ្នាក់ដឹកនាំក្នុងប្រព័ន្ធតុលាការទៀតផង។

បើតាមប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រោយពីចាញ់បោកជនទុច្ចរិតអស់ទឹកប្រាក់ជិត៤០០០ដុល្លារមក ជនរងគ្រោះក៏បានស្វែងរកយុត្តិធម៌តាមរយៈការដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តបាត់ដំបង និងស្វែងរកកិច្ចអន្តរាគមន៍ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យជួយដោះស្រាយជូនពួកគាត់ ដ្បិតទឹកប្រាក់ទាំងនេះពិតជាលំបាកក្នុងការស្វែងរកតាមរយៈការងារធ្វើចម្ការនៅក្នុងភូមិរបស់ពួកគាត់។

ស្រ្តីដែលរងការចោទប្រកាន់ថា បានទៅបោកយកលុយខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរងគ្រោះប្រាប់ថាមានឈ្មោះ ភិន ស៊ីវន អាយុប្រហែល៥៨ឆ្នាំ មានទីលំនៅភូមិស្រែស្អាង ឃុំស្រែស្អាង ស្រុកស្អាង ខេត្តកណ្តាល។

ស្រ្តីឈ្មោះ មូល សៅឌី និងស្រ្តីឈ្មោះ ឆាង ឡាង ដែលជាអ្នករងគ្រោះបានបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនថា ដោយសារតែស្រ្តីឈ្មោះ ភិន ស៊ីវន បានអះអាងថា ខ្លួនអាចជួយការពារនិងរត់ការរឿងក្តីនៅតុលាការខេត្តបាត់ដំបងបានដោយសារខ្លួនស្គាល់ខាងតុលាការគ្រប់ជាន់ថ្នាក់ ទើបពួកគាត់លង់ជឿទុកចិត្ត និងបានផ្ញើលុយទៅកាន់ស្រ្តីម្នាក់នេះជាបន្តបន្ទាប់រហូតជិត៤០០០ដុល្លារ ដោយមិនបានសងត្រឡប់មកវិញនោះឡើយ។

នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន ជនរងគ្រោះទាំង២នាក់ សូមទាមទារទឹកប្រាក់ដែលខ្លួនចាញ់បោកចំនួន៣៧០០ដុល្លារ និងទាមទារសំណងដែលខាតពេលវេលាចំនួន៣០០០ដុល្លារបន្ថែមទៀត។

ជុំវិញបញ្ហាខាងលើនេះ គេមានជំនឿថា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងជួយការពារក្តីឲ្យជនក្រីក្រ ស្ត្រីមេម៉ាយ ដោយមិនយកប្រាក់ និងចាត់វិធានការក្នុងរឿងនេះ មិនត្រូវឱ្យប្រជាពលរដ្ឋស្លូតត្រង់ចាញ់បោកជនខិលខូចទាំងនេះតទៅទៀតនោះទេ៕

   

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print