ទូតកម្ពុជា : Soonchunhyang University Hospital បានប្រគល់ជូនប្រជាជនកម្ពុជានូវម៉ាស់ការពារជំងឺប្រមាណ១០ម៉ឺនសន្លឹក(ប្រភេទ KD94 និង KF-AD) ឧបករណ៍វាស់កម្តៅចំនួន ៤៨គ្រឿង

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា តាមរយៈស្ថានទូតកម្ពុជានៅកូរ៉េ Soonchunhyang University Hospital បានប្រគល់ជូនប្រជាជនកម្ពុជានូវម៉ាស់ការពារជំងឺប្រមាណ១០ម៉ឺនសន្លឹក (ប្រភេទ KD94 និង KF-AD) ឧបករណ៍វាស់កម្តៅចំនួន៤៨គ្រឿង និងបន្ទះប្លាស្ទិកបិទការពារមេរោគ (Anti-Virus Film) ចំនួន២០ប្រអប់ (ក្នុងមួយប្រអប់មានប្រវែង10 ម៉ែត្រ) ក្នុងយុទ្ធនាការជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា។

លោកឯកអគ្គរាជទូតបានបន្តថា បរិក្ខារទាំងនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលនឹងត្រូវយកទៅចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរសុខាភិបាលខេត្តរតនគិរី និងមណ្ឌលគិរី ព្រមទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

បន្ទាប់ពីបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជានៅសេអ៊ូល មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang បានសហការយ៉ាងល្អប្រសើរជាមួយស្ថានទូតក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន  ជាពិសេសបានផ្ដល់ការបញ្ចុះតម្លៃចំនួន 30% នៃថ្លៃព្យាបាលសរុបជូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េទាំងអស់ទោះបីអ្នកដែលមិនមានបណ្ណធានារ៉ាប់រងសុខភាពក៏ដោយ។

សូមអរគុណជាពិសេស ដល់ក្រុមបុគ្គលិកបម្រើការនៅសាកលវិទ្យាល័យ ដែលទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា Leo Yonghyun ដែលបានដុតដៃដុតជើង សម្របសម្រួលអំណោយដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនយើងទាំងពីរក្នុងវិស័យសុខាភិបាល៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print