ជនបង្កគ្រោះថ្នាក់ចរាចរណ៍មានកាំភ្លើង និងអះអាងថាជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថបានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានបានជ្រាបអំពីបុគ្គលដែលបង្កហេតុដកកាំភ្លើងគំរាមគេ និងបានអះអាងថាខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ កើតហេតុនៅចំណុចម្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ មានទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា បុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ មានទីលំនៅផ្ទះលេខ១២អ៊ីសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ សង្កាត់ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្រប សម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ”។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មាន និងបានបញ្ជាក់ច្បាស់ថា ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោកដែលបានដាក់ចេញ៖ ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ * ច្បាប់ត្រូវតែគោរព! បទល្មើសត្រូវតែបង្ក្រាប!

ឆ្លៀតក្នុងឱកាសនេះ កងរាជអាវុធហត្ថក៏សូមអំពាវនាវដល់បុគ្គលគ្រប់រូប សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
សូមបញ្ជាក់ផងដែរថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តកៀរម៉ូតូបណ្ដាលឱ្យជនរងគ្រោះ របួសបាក់ឆ្អឹងដងកាំបិត បាក់ម្រាមជើង និងមានអាវុធជាប់ចង្កេះ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ចប់រឿង ត្រឹមសំណងចំនួន ១០០០ដុល្លារ និងធ្វើការចោទប្រកាន់ទៅលើសារព័ត៌មានមួយចំនួនថាសរសេរមិនពិត ។ ទីបំផុត ! ជនបង្កត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តនីតិវិធីឃាត់ខ្លួនជនខាងលើនេះបានហើយ៕

...


ដោយ,សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print