ខេត្តកំពង់ឆ្នាំង÷បើតាមលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ម៉ាស៊ីនដាំគ្រាប់ស្រូវជាជួរចំនួន១០គ្រឿងបន្ថែមទៀត ជូនដល់សហគមន៍កសិកម្ម នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានផ្តល់២០គ្រឿងនៅខេត្តកំពង់ធំរួចមកហើយនោះ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាជំនួយនេះជាផ្នែកមួយនៃការចូលរួមស្តារផលិតកម្មស្រូវ នៅកនភកម្ពិជាដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងដើម្បីលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជាក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩។
លោកថា ម៉ាស៊ីនដាំគ្រាប់ស្រូវជាជួរចំនួន១០គ្រឿង នេះបានប្រគល់ជូនសហគមន៍កសិកម្មក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
បើយោងតាមគណនីហ្វេសប៊ុក របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឲ្យដឹងថា នេះជាឧបករណ៍ដាំគ្រាប់ស្រូវទី៣០ ដែលរដ្ឋាភិបាលបានផ្តល់មកឲ្យរដ្ឋាភិបាលកម្ពុជា ខណៈកន្លងមកមានឧបករណ៍ដាំគ្រាប់ស្រូវ២០គ្រឿងហើយ ត្រូវបានប្រគល់ជូនសហគមន៍កសិកម្ម នៅខេត្តកំពង់ធំរួចហើយនោះ។
លោករដ្ឋមន្រ្តីយល់ឃើញថាឧបករណ៍ដាំគ្រាប់ស្រូវ ចំនួន១០គ្រឿងបន្ថែមទៀតនេះ គឺជាការចូលរួមចំណែកពន្លឿនការងារដាំដុះស្រូវរបស់ប្រជាកសិករយើងដែលធ្វើឡើងបានលឿនឆាប់រហ័ស អាចកាត់បន្ថយពលកម្មមនុស្ស ចំណេញពេល និងលើកកម្ពស់សេដ្ឋកិច្ចផងដែរ។ ជាមួយនេះលោក ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានលើកឡើងក្នុងពិធីនេះដែរថា ជំនួយនេះជាផ្នែកមួយនៃការចូលរួមស្តារឡើងវិញ ផលិតកម្មស្រូវនៅកម្ពុជា ហើយប្រទេសអូស្ត្រាលីនៅតែជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕ដោយ÷ប្រាថ្នា