ភ្នំពេញ ៖ កិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១ បានប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកដ្ឋានដែលពាក់ព័ន្ធជាច្រើនរូប។
លោក បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីពេលវេលានៃកាលៈទេសៈនេះដែលជាខួបមួយឆ្នាំហើយនៃកូវីដ-១៩ ដូចនេះការរៀបចំសន្និបាតលើកនេះ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្តន៍តាមអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់នៅក្នុងការបើកបវេសនកាលក្នុងថ្ងៃទី១១ ខែមករា កន្លងមកនេះ។ កិច្ចប្រជុំបានពិភាក្សាលម្អិតទៅការកំណត់ពេលវេលា ទីកន្លែង និងកំណត់អ្នកចូលរួម និងតភ្ជាប់តាមប្រព័ន្ធអនឡាញជាដើម។
នៅក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាលម្អិតទៅលើការរៀបចំឯកសារគន្លងជាថ្មី ក្នុងវិស័យអប់រំដែលមានសមាសភាពចំនួន៣គឺ ៖
១.ការអនុវត្តកម្មវិធីសិក្សាបង្រួញ ដែលបានពិភាក្សាអនុម័តរួចហើយ ដោយត្រូវពិនិត្យមើលការអនុវត្តជាក់ស្តែង។
២.ការអប់រំឌីជីថល ដែលបានកំពុងធ្វើ។
៣.សុវត្ថិភាពសិក្សា ដែលបានផ្សព្វផ្សាយជាផ្លូវការនូវឯកសារណែនាំ ស្តីពី ការដំណើការគ្រឹះស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទ កូវីដ-១៩ ដោយឡែកឆ្នាំនេះមានលក្ខណៈខុសប្លែកពីឆ្នាំកន្លងទៅ ដោយនៅតាមរាជធានី-ខេត្ត រៀបចំសន្និបាតក្រោយថ្នាក់ជាតិ៕
ដោយ៖សិលា