ភ្នំពេញ,រឿងរ៉ាវដែលកើតមានបញ្ហាជម្លោះដីធ្លី ប្រមាណជា ១០ឆ្នាំមុន បានចាប់ផ្ដើមកក្រើកឡើងវិញ ឈានដល់អតីតតំណាងប្រជាពលរដ្ឋ១៦៣គ្រួសារបានធ្វើសន្និសីទកាសែត បង្ហាញឯកសារដល់សាធារណជន និងបានផ្តល់ជាដំណឹងដល់លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យបានជ្រាបថា ដីទំនាស់ប្រមាណជាង១០ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចចម្រុះអនុវត្តសាលដីការបស់តុលាការកំពូលប្រគល់ឱ្យប្រជាពលរដ្ឋ, ហើយអាជ្ញាធរ និងមន្ត្រីជំនាញបានធ្វើប្លង់រឹងឯកភាពលក់យកលុយចែកគ្នាអស់ហើយ មិនត្រូវលើកយកមកដោះស្រាយទៀតនោះទេ។ នេះជាការលើកឡើងរបស់ពួកគាត់នៅក្នុងសន្និសីទកាសែត។
សូមបញ្ជាក់ថា, ការធ្វើសន្និសីទនេះ បានធ្វើឡើងកាលពីវេលារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បន្ទាប់ពីប្រជាពលរដ្ឋ ដែលជាសមាជិក ចំនួន២នាក់ មិនទទួលយកចំណែករបស់ខ្លួន ហើយបានកៀរគរប្រជាពលរដ្ឋដើម្បីតវ៉ា នៅលើដីនោះ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ហើយត្រូវបានលោកដួង តារា អញ្ជើញចុះទៅសាកសួរ និងហៅទៅជួបដោះស្រាយ កុំអោយមានវិវាទ ក្នុងគោលបំណង ឈ្នះ ឈ្នះ ទាំងអស់គ្នា តាមគោលនយោបាយរបស់សម្ដេចតេ ជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កន្លងទៅនោះ នៅក្នុងសន្និសីទកាសែត លោកស្រី ព្រីង សុជាតិ អតីតជាតំណាងប្រជាពលរដ្ឋចំនួន ១៦៣គ្រួសារ បានឱ្យដឹងថា បន្ទាប់ពីលោកស្រី ជា សារ៉ុម បានកៀរគរប្រជាពលរដ្ឋ ដើម្បី ធ្វើការតវ៉ា លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ចើញរូបគាត់ទៅជួបដោះស្រាយ នៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី១៤ ខែមករា ដោយមានការចូលពីលោកមួង ឃីម ផងដែរ ។
បើតាមរយៈសន្និសីទសារព័ត៌មាននេះ, គឺតំណាងរូបនោះ ក៏បានអះអាងថា ក្នុងហៅជួបដោះស្រាយ លោក ដួង តារា ក៏បានឱ្យគាត់ហៅក្រុមហ៊ុនចេញមុខ មកដោះស្រាយចេញលុយឱ្យភាគីខាងលោកស្រីជា សារ៉ុម ចំនួន ១០នាក់ទៀត។ បើពុំនោះ គាត់នឹងធ្វើរបាយការណ៍ទៅសម្តេចតេជោ ឱ្យធ្វើការវះកាត់ ដើម្បីឲ្យប្រទេសមានយុត្តិធម៌។
ផ្ទុយទៅវិញ ក្នុងករណីនេះ បែជាលោកស្រី តំណាងរូបនោះ ក៏បានបញ្ជាក់ថា ដីនោះ ទំនាស់ចប់ជាស្ថាពរ មិនត្រូវ លោក ដួង តារា ហៅមកដោះស្រាយទៀតនោះទេ គឺគាត់គ្មានសិទ្ធិនោះទេ។ នៅក្នុងការជួបនោះ លោករដ្ឋលេខាធិការ ក៏បានជួបសាកសួរ និងមើលឯកសារ តែម្ខាង ចំណែកខាងគាត់ពុំត្រូវបានសាកសួរ និងសួររកឯកសារឡើយ។
ដីនោះមានទំហំប្រមាណជាង៩០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាដីរួម របស់ប្រជាពលរដ្ឋចំនួន១៦៣គ្រួសារដែលបានឈ្នះក្តីពីលោក គឹម កៅ ជាតំណាងឱ្យក្រុមហ៊ុន គឹមហាប់ តាមអំណាចសាលដីកាតុលាការកំពូល ហើយបានចុះអនុវត្តសាលក្រម តាំងពីឆ្នាំ២០១៨ ប្រគល់ដីនោះ ឱ្យប្រជាពលរដ្ឋរួចហើយ ។
លោកស្រីតំណាងក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានដីរួចហើយ ត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ក៏បានធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ ដែលមានរូបគាត់ជាតំណាង។
បើតាមការបញ្ជាក់ពីទំព័រក្នុងស្រុកមួយក៏បានលើកឡើងថាដោយសារតែដីរួម ប្រជាពលរដ្ឋចំនួន១៦១គ្រួសារ ក៏បានឯកភាពលក់នៅតែ២គ្រួសារ របស់លោកស្រី ជា សារ៉ុម មិនព្រមលក់ ទើបអាជ្ញាធររៀបចំកាត់ដី ចំណែករបស់គាត់ចេញ ហើយលោកស្រីជា សារ៉ុម មិនសុខចិត្ត ក៏បានបន្តធ្វើការតវ៉ារហូត ។
លោកស្រី ព្រីង សុជាតិ ក៏បានឱ្យដឹងទៀតថា នៅក្នុងការលក់ចែកដីគ្នា សុទ្ធតែមានឯកសារគតិយុត្តិ ដែលទទួលស្គាល់ពីតុលាការទាំង៣ថ្នាក់ និងមានអាជ្ញាធរដឹងឮទាំងបញ្ជីឈ្មោះ របស់ប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ ។ បើឈ្នះក្តី នៅតុលាការ៣ថ្នាក់ ហើយអាជ្ញាធរ ដឹងឮរៀបចំឯកសារលក់ដីនោះ ដោយស្របច្បាប់ហើយ បែរជាលោកដួង តារា លើកយកមកដោះស្រាយទៀត តើត្រឹមត្រូវទេ? នេះគ្រាន់តែជាការលើកឡើងរបស់ពួកគាត់តែប៉ុណ្ណោះ។
ពួកគាត់បានលើកឡើងទៀតថា, គួរតែដោះស្រាយនូវទំនាស់ដីធ្លីណា ដែលមិនទាន់ចប់ទៅ។ មានន័យថា, ពួកគាត់ចង់ឲ្យអាជ្ញាធរនិងថ្នាក់លើ ដោះស្រាយចំពោះដីដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ។ ដោយឡែកចំពោះដីដែលមានប្លង់រឹង នោះជាសមត្ថកិច្ចរបស់តុលាការ។
គួរបញ្ជាក់ថា ដីទំនាស់នោះ បានប្តឹងប្តល់គ្នាអស់រយៈពេលជាង១២ឆ្នាំ រហូតបានឈ្នះ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨ នៅពេលសមត្ថកិច្ចចម្រុះដែលបានចុះទៅអនុវត្តសាលដីកាកំពូល ប្រគល់ដីឱ្យ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាលើកបដា និងកាន់ព្រះឆាយាល័ក្ខព្រះមហាក្សត្រ, រូបថតសម្តេចតេជោ ដើម្បីអបអរសាទរ និងគាំទ្រចំពោះរាជរដ្ឋបាលភិបាល និងតុលាការផផដែរ។
ពាក់ព័ន្ធក្នុងករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានប្រាប់អង្គភាព នគរដ្រេហ្គន តាមទូរស័ព្ទ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា: “តាមពិតទៅរឿងនេះត្រូវបានបញ្ចប់រួចអស់ហើយ ដោយមានការសម្របសម្រួលដោះស្រាយ ពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប៉ុន្តែនៅសល់ចំនួន ២ គ្រួសារទៀត គាត់មិនព្រមទទួលយកដំណោះស្រាយ ទើបឈាន នាំគ្នាមកតវ៉ា នឹងធ្វើសន្និសីទសារព័ត៌មាន។ លោកអភិបាលខណ្ឌបន្តថា, ការតវ៉ា ការធ្វើសន្និសីទសារព័ត៌មាន នោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ត្រូវតែមានគោលជំហរដោះស្រាយជូនគាត់ ទៅតាមផ្លូវច្បាប់។
ដោយឡែកបលោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អង្គភាព នគរដ្រេហ្គន សុំការបកស្រាយបានឡើយទេនៅយប់ថ្ងៃនេះ។ ខណៈលោក កំពុងព្យាយាម រកដំណោះស្រាយ ឳ្យមានការបញ្ចប់វិវាទ ទទួលយកបាននូវយុត្តិធម៌ ឈ្នះ ឈ្នះ ទាំងអស់គ្នា៕ដោយ, សហការី