ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលម្សិលមិញថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ដើមឈើដួលរលំសង្កត់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅគ្រាដែលគេអះអាងជនរងគ្រោះទៅកាប់ដើមឈើ១ដើមក្នុងចម្ការរបស់ខ្លួន ។
ហេតុការណ៍មានមនុស្សស្លាប់ដោយសារដើមឈើរលំសង្កត់ខាងលើ បានកើតឡើងនៅក្នុងដីចម្ការមួយកន្លែង ត្រង់ចំណុចអូរ១៧ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជូន សារឹម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ.ឃុំកើតហេតុ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ករណីខាងលើគេឃើញសមត្ថកិច្ចនគរបាល ចុះពិនិត្យ និងស្រាវជ្រាវអំពីមូលហេតុយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ប្រភពបញ្ជាក់បន្តទៀតថា ជនរងគ្រោះ(ស្លាប់)បានទៅអារកាត់ដើមឈើ១ដើម(ដើមស្វាយកំរៀង)ពេលដើមឈើនោះដួលមែកវ័ធចំក្បាល និងកញ្ចឹង.កថែមទាំងសង្កត់ជាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង គួរបញ្ជាក់ថា នាពេលកន្លងមកមានករណីបែបនេះជារើយៗ គិតតាមបណ្ដាស្រុកនានានៃខេត្តពោធិ៍សាត់ ដូច្នេះគួរណាស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងការគ្រោះថ្នាក់ដោយចៃដន្យបែបនេះ ៕
ដោយៈ បុឹម ពិន