ខេត្តបាត់ដំបង, នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ បានអញ្ជើញ ត្រួតពិនិត្យ ការបាញ់គ្រាប់ពិតប្រភេទ អាវុធ AK៤៧ របស់ សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង នៅទីលានបាញ់គ្រាប់ពិត សាលាពលទាហានទី៥ យោធភូមិភាគទី៥ ស្ថិតក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ បានធ្វើការកោតសរសើរ ដល់សិក្ខាកាមទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលលទ្ធផលល្អក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនាពេលនេះ និងបានធ្វើការផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ ពីយោធាចារ្យបន្ថែមទៀតដើម្បីយកចំណេះដឹងដែលទទួលបានពីសាលាទៅបម្រើអង្គភាព និងមាតុភូមិរបស់ខ្លួន។
សូមបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចំនួន១០១នាក់ និងធ្វើការហ្វឹកហ្វឺនរយៈពេល៦ខែ។ ចំពោះលំហាត់បាញ់គ្រាប់ពិត នាឱកាសនោះ ត្រូវបាន អនុវត្តបាញ់តាម៣កាយវិការ គឺ៖ កាយវិការក្រាបបាញ់, កាយវិការលុតជង្គង់បាញ់ និងកាយវិការឈរបាញ់។ ក្រោយពេលបញ្ចប់លទ្ធផលទទួលបានរួមមាន ចំណាត់ថ្នាក់ល្អណាស់ មានចំនួន៣នាក់, ចំណាត់ថ្នាក់ល្អ មានចំនួន ១៧នាក់ និងចំណាត់ថ្នាក់មធ្យម មានចំនួន៨១នាក់៕
ដោយ, សិលា