ចិនបានប្រកាសពីគោលបំណងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិនក៏បានសម្រេចដាក់ទណ្ឌកម្មទៅលើអតីតមន្ត្រីអាមេរិកចំនួន២៨រូបក្នុងនោះមាន អតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិនបានប្រកាសបញ្ជីឈ្មោះអតីតមន្ត្រីអាមេរិក ក្នុងពេលដែលលោកបៃឌិនចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ខែមករា (ពេលវេលានៅអាមេរិក)។
តាមព័ត៌មានពីគេហទំព័ររបស់ក្រសួងការបរទេសចិន បានផ្សាយថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងមន្ត្រីជាច្រើនរូបទៀតរបស់អាមេរិកស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ដោយសារតែការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
តាមច្បាប់ដាក់ទណ្ឌកម្មនោះ អតីតមន្ត្រីទាំង២៨រូបរបស់អាមេរិក មិនអនុញ្ញាតឲ្យចូលទៅកាន់ប្រទេសចិនឡើយរួមទាំងគ្រួសារសាច់ញាតិរបស់ពួកគេផង។ មិនតែប៉ុណ្ណោះ ក៏បានកាត់បន្ថយបណ្តាក្រុមហ៊ុនដែលបានរកស៊ីជាមួយអតីតមន្ត្រីទាំងនោះមិនឱ្យវិនិយោគក្នុងប្រទេសចិនឡើយ។
ក្នុងចំណោមបុគ្គលដែលត្រូវចិនដាក់ទណ្ឌកម្ម មានទាំងអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ គឺលោក Robert O’Brien និង John Bolton ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Kelly Craft អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោកAlex Azar ទីប្រឹក្សាពាណិជ្ជកម្ម Peter Navarro … និងមន្ត្រីជាច្រើនរូបទៀត៕ ដោយ សាធី
រូបភាព៖ Reuters