ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មាធិការ និងក្រុមប្រតិបត្តិ នៃសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត ដើម្បីពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម ៖
១/ បទអន្តរាគមរបស់គណៈកម្មាធិការសាខាអាណត្តិទី៥ ពីមោនទនភាពក្នុងការអភិបាលគ្រប់គ្រងសាខា និងបញ្ហាប្រឈម។
២/ ពិគ្រោះយោបល់ និងណែនាំពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងការងារអភិវឌ្ឍស្ថាប័ន (យុទ្ធសាស្រ្ត២០២១-២០៣០ និងការអភិវឌ្ឍសាខា)
៣/ មតិបូកសរុបកិច្ចប្រជុំ និងផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាសាខាកក្រក ទាំង២៥រាជធានី-ខេត្ត និងទិសដៅការងារឆ្នាំ២០២១។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះ សាខាកក្រក ទាំង២៥រាជធានី-ខេត្ត ដែលបាន និងកំពុងបំពេញបេសកកម្មជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនាពេលកន្លងមក។
ជាមួយគ្នានេះ លោកស្រី បានផ្តល់នូវគោលគំនិតសំខាន់ៗជូនសាខាទាំង២៥ អំពីកិច្ចការងារចម្បងៗនៃវិស័យស្នូលទាំង៤ ដែលរួមមាន ១. ការគ្រប់គ្រងគ្រោះមហន្តរាយ ២. សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤. ការអភិវឌ្ឍស្ថាប័ន និងធនធាន។ ទន្ទឹមនឹងនេះ លោកជំទាវ បានរំលឹកអំពីប្រតិទិនការងារសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ដែលជាសំណូមពរដល់សាខាទាំង២៥ សូមអនុវត្តផែនការសកម្មភាពអប្បបរមារបស់សាខាទៅតាមប្រតិទិនការងារទាំងនោះ ដើម្បីទទួលបានសមិទ្ធផលគួរជាទីមោទនៈថែមទៀត ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌៕
ដោយ, សិលា