ខេត្តកំពង់ធំ, នៅសាលប្រជុំរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកវគ្គផ្សព្វផ្សាយច្បាប់ ស្ដីពីការគ្រប់គ្រងគ្រឿងញៀនជាលើកទីបី ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង និងកងកម្លាំងចំណុះឱ្យទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១១៥នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែមករាឆ្នាំ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ពីផលវិបាកនៃការប្រើប្រាស់ ការចែកចាយ និងការរក្សាទុកគ្រឿងញៀន គឺជាអំពើខុសច្បាប់ ។ គ្រឿងញៀនគឺជាឃាតករដ៏សាហាវក្នុងការបំផ្លាញអាយុជីវិតអ្នកដែលបានប្រើប្រាស់ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សុភមង្គល និងសេដ្ឋកិច្ចគ្រួសារ ហើយបំផ្លាញដល់សេចក្តីសុខក្នុងសង្គមជាតិ ។
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរដល់កងកម្លាំងទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយអនុវត្តពាក្យស្លោក គ្រឿងញៀនបំផ្លាញអនាគតអ្នកគ្រួសារអ្នក និងជីវិតអ្នក ។
ឧត្តមសេនីយ៍ទោ សោម ស៊ុនបានគូសបញ្ជាក់បន្ថែមថាក្នុងករណីយោធិនម្នាក់ត្រួតពិនិត្យមានការប្រើប្រាស់ និងពាក់ព័ន្ធបញ្ហាគ្រឿងញៀន នឹងសុំការសម្រេចពីថ្នាក់លើដើម្បីលុបឈ្មោះចេញពីក្នុងបញ្ជីកងយោធពលខេមរភូមិន្ទ ។
ក្នុងឱកាសបើកវគ្គផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានក្រើនរំលឹកដល់យោធិនគ្រប់រូប និងក្រុមគ្រួសារត្រូវប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ, សិលា