ជនវាយប្រហារគ្រាប់បែកអត្តឃាតលើកទីមួយ បន្លំខ្លួនធ្វើជាឈឺដើរចូលក្នុងផ្សារ ហើយក៏បានបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមានមនុស្សជាច្រើនស្លាប់។ ក្រោយមកក៏មានជនវាយប្រហារគ្រាប់បែកទីពីរនៅក្នុងផ្សារនោះដែរ ។
ក្រសួងមហាផ្ទៃអុីរ៉ាក់ នៅថ្ងៃទី២១ ខែមករា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែក នៅក្នុងផ្សារTayaran ក្នុងទីក្រុងបាដាដបណ្តាលឲ្យមានមនុស្ស ២៨នាក់ស្លាប់ និង៧៣នាក់រងរបួស។ ចំនួនអ្នកស្លាប់និឹងកើនឡើងខ្ពស់ជាបន្តទៀត។
មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារខាងលើនៅឡើយទេ។ ក្រុមប្រឆាំងភេរវកម្មកំពុងតែបើកការស្រាវជ្រាវករណីខាងលើ។
នេះជាករណីវាយប្រហារគ្រាប់បែកនៅរដ្ឋធានីអុីរ៉ាក់ទ្រង់ទ្រាយធំ ក្រោយពេលទាហានអាមេរិក ប្រកាសទទួលបានជោគជ័យក្នុងសង្គ្រាមប្រឆាំងក្រុមរដ្ឋអ៊ិស្លាមនៅឆ្នាំ ២០១៧។
ការវាយប្រហារកន្លងមកគឹនៅខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់ជាច្រើនផងដែរ។ កាលពីខែមករាឆ្នាំ២០១៨ ការវាយប្រហារគ្រាប់បែកអត្តឃាត នៅទីតាំង Tayaran បណ្តាលឲ្យមនុស្ស ៣០ នាក់ស្លាប់៕ ដោយ សាធី