បើកម៉ូតូលឿនពេកដល់ផ្លូវកោងជ្រុលទៅបុករថយន្តស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារជិះម៉ូតូទៅបុកជាមួយរថយន្ត នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវកោងលើកំណាត់ផ្លូវក្រាលកៅស៊ូពីឃុំបត់ត្រង់ទៅឃុំរហាត់ទឹក ស្រុកមង្គលបុរី ។
លោកសួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ1H-1303 បើកបរដោយឈ្មោះ រឿង រ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រសេកជុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ និងអ្នករួមដំណើរឈ្មោះ គល់ ផានី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិរង្វាន់លិច ឃុំចំណោម ស្រុកមង្គលបុរី ។
លោកនាយរងការិយាល័យបានបញ្ជាក់ថា នៅមុនពេលមានគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរម៉ូតូបានបើកក្នុងទិសដៅពីលិចទៅកើត ដោយបើកមានល្បឿនលឿន ពេលមកដល់ចំណុចផ្លូវកោងខ្លាំងយកចង្កូតមិនទាន់ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកនីស្សាន់ប្រភេទដឹកទំនិញពណ៌បៃតង ពាក់ស្លាកលេខ បាត់ដំបង 2A-7217 ចំពីមុខបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់។ ចំពោះអ្នកបើកបររថយន្តគេមិនស្គាល់អត្តសញ្ញាណទេ ព្រោះក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនឹងកន្លែងគ្រោះថ្នាក់។
នាយរងការិយាល័យនគរបាលចរាចរណ៍ លោក សួន នីប៉ូ បានបញ្ជាក់ថា អ្នកបើកបរម៉ូតូសង្ស័យស្រវឹងស្រាហើយបើកមានល្បឿនលឿន មកដល់ចំណុចផ្លូវកោងខ្លាំងជ្រុលចង្កូតទៅបុករថយន្តចំពីមុខបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍តែម្តង។ អ្នករងរបួសបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯអ្នកស្លាប់បានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូខូចខាតធ្ងន់ទាំង២គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ក្រោយពីនគរបាលចរាចរណ៍ស្រុកបានពិនិត្យវាស់វែងរួច ៕ វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print