ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនព័ត៌មាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់ថែមទៀត ដែលម្នាក់ជាពលករមកពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។ក្រសួងសុខាភិបាលបញ្ជាក់ថា, អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង២នាក់រួមមាន៖
ទី១- ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ចោមចៅទី៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១៣៨នាក់ ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១៣៧នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជ ធានីពេញចំនួន ១០នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីពេញ ចំនួន០១នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីពេញ ចំនួន៧៩នាក់ ស្ថានទូតអាមេរិក ចំនួន ០១នាក់ ស្ថានទូតបារាំង ចំនួន០១នាក់ ស្ថានទូតស្វីស ចំនួន ០៥នាក់ និងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ចំនួន ៤០នាក់។
ទី២ -បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិស្លែង ឃុំស្រណោល ស្រុកក្រឡាញ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្ត វត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ដោយឡែកអ្នកជាសះស្បើយចំនួន ២នាក់រួមមាន៖
ទី១- បុរសជនជាតិឥណ្ឌូណេស៊ី អាយុ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ បុរសរូបនេះត្រូវ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់សិន។
ទី២-បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ៕ដោយ, សិលា