អាជ្ញាធរខេត្តព្រះវិហារនឹងចំណាយថវិកាជាង១០ម៉ឺនដុល្លារជួសជុលជណ្តើរដែលរងការខូចខាតនៅរមណីយដ្ឋានធម្មជាតិ ភ្នំត្បែងមានជ័យ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ជណ្តើរឡើងទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិដ៏ប្រណីត ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ មានកម្ពស់ប្រមាណជាង៤០០ម៉ែត្រ ដែលបានសាងសង់ឡើងមិនតិចជាង១០ឆ្នាំកន្លងមកនោះ ខណៈនេះបានរងការខូចខាតដោយអន្លើដោយសារចម្រោះនៃតំណក់ទឹកភ្លៀងធ្លាក់ចុះមកយ៉ាងជោកជាំនារដូវវស្សាកន្លងទៅ។

  ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាយឧត្តមសេនីយ៍ មាស សុភា បានអញ្ជើញបើកពិធីសែនក្រុងពាលីសុំអ្នកតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃភ្នំក្រំថ្ម ដើម្បីជួសជុលជណ្តើរដែលបានរងការបាក់ស្រុតជាង២០០ម៉ែត្រដែលជាឧបសគ្គដល់អ្នកទេសចរជាតិ និងអន្តរជាតិដែលចង់ឡើងទៅស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅរមណីយដ្ឋានដ៏ប្រណិីតស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ។

  ពិធីសែនក្រុងពាលីកាលពីថ្ងៃឈប់សម្រាកចុងសប្តាហ៍ម្សិលមិញនោះ ក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ, ប្រធានក្រុមប្រឹក្សាខេត្តលោក ឡុង សុវណ្ណ, មន្ត្រីខេត្តស្រុក ,មន្ទីរ ,អង្គភាព ,កងកម្លាំងទាំង៣ ,យាយជី និងតាជីដ៏ច្រើនកុះករ ថែមទៀតផង។

  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោកគ្រាន់តែធ្វើជាសេនាធិការឲ្យថ្នាក់ដឹកនាំខេត្ត ក្នុងការទទួលបន្ទុកជួសជុលកាំជណ្តើរឡើងទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិភ្នំត្បែងមានជ័យ ដែលជណ្តើរនោះកាលពីជាង១០ឆ្នាំមុនបានសាងសង់ពីបេតុង តែជាអកុសលបានរងការបាក់ស្រុតខូចខាតនៅក្នុងរដូវវស្សាភ្លៀងធ្លាក់ជោកជាំកន្លងទៅមានប្រវែងប្រមាណ២០៣ម៉ែត្រ ដែលស្ថិតនៅលើកំពូលភ្នំត្បែង ហើយកាំជណ្តើរទាំងនោះនឹងត្រូវធ្វើការជួសជុលឡើងវិញ ចាប់ពីពេលនេះទៅ ធ្វើពីដែកកុម្មង់ទិញពីប្រទេសចិន ដែលនឹងត្រូវចំណាយថវិកាសប្បុរសជនបានមកពីការធ្វើបុណ្យអង្គកឋិនទាន បុណ្យផ្កា បុណ្យទានផ្សេងៗ និងការចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានជាង១០ម៉ឺនដុល្លារអាមេរិក។

  លោក សំ លាងទ្រី បានបន្តថា ការជួសជុលជណ្តើរឡើងឆ្ពោះទៅរមណីយដ្ឋានភ្នំត្បែងមានជ័យនេះ ក្រុមការងារជួសជុលនឹងខិតខំរូតរះ ក្រែងធ្វើហើយនៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរជាតិ និងអន្តរជាតិដែលបានចូលមកទស្សនាខេត្តព្រះវិហារ ពិសេស អ្នកដែលមានបំណងចង់មកទស្សនា និងការស្រូបយកបរិយាកាសដ៏បរិសុទ្ធពីរមណីយដ្ឋានធម្មជាតិភ្នំត្បែងមានជ័យនេះ។ លោកបានបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការបាក់ស្រុតខូចខាតជណ្តើរឡើងភ្នំ គឺជាឧបសគ្គដល់ប្រជាពលរដ្ឋក្នុងតំបន់ អ្នកទេសចរជាតិ និងអន្តរជាតិ មានការលំបាកក្នុងការធ្វើដំណើរឡើងភ្នំ ដោយនឹងត្រូវដើរវាង ឬតោងវល្លិិជាដំណាក់ៗ ទើបឆ្លងផុតទីដែលរងការខូចខាតនោះ និងដោយមើលឃើញពីការលំបាកបែបនេះ ទើបអាជ្ញាធរខេត្តព្រះវិហារនិងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំង និងបានណែនាំឲ្យរៀបចំផ្លូវវាងជាបណ្តោះអាសន្ន និងធ្វើការជួសជុលជណ្តើរនោះឡើងវិញផងដែរ។ លោក សំ លាងទ្រី បានអំពាវនាវដល់សប្បុរសជននានាដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា សូមមេត្តាបន្តជួយចូលជាថវិកាក្នុងការជួសជុលជណ្តើរនេះ ទៅតាមកម្លាំងសទ្ធាជាបន្តទៀតផង។

  ប្រវត្តិបានចងក្រងទុកថា តំបន់រមណីយដ្ឋានភ្នំត្បែងមានជ័យ បានលាតសន្ធឹងលើផ្ទៃដីប្រមាណជាង២ម៉ឺន ៥ពាន់ហិកតា គ្របដណ្តប់លើដែនដីរដ្ឋបាលស្រុកចំនួន៥។ ភ្នំមានកម្ពស់ជាង ៤០០ម៉ែត្រ និងមានកាំជណ្តើរ១ពាន់ ៩២កាំ ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ និងមានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រពីក្រុងព្រះវិហារ ខេត្តព្រះវិហារ។

  ភ្នំត្បែងមានជ័យ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ជាឃ្លាំងបង្កប់នូវអាថ៌កំបាំង និងជាទីសក្ការបូជា ដ៏ពូកែស័ក្តិសិទ្ធិ មានទេសសភាពស្រស់បំព្រង និងគួរជាទីទាក់ទាញ ព្រោះនៅលើកំពូលភ្នំ មានវត្តថ្ម៣ដុំ ,វត្តដំបូកខ្មៅក្របៅជ្រំ ,ទឹកជ្រោះ និងតំបន់ទេសភាពជាច្រើនទៀត ដែលទាក់ទងនឹងបារមីលោកតាសួង «លោកឪសួង» និងអ្នកសច្ចាំងភ្នំត្បែងដ៏ពូកែស័ក្តិសិទ្ធិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក។ តំបន់ភ្នំត្បែងមានជ័យ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ នៅថ្ងៃទី១៣កញ្ញា២០១៦ កន្លងទៅ បើគិតមកដល់គ្រាបច្ចុប្បន្ន គឺមានអាយុកាល៥ឆ្នាំហើយ នៅក្នុងបញ្ជីរបស់អង្គការយូណេស្កូ៕

              

...

ដោយ៖សូ រិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print