សំណុំរឿងរៀបចំគម្រោងសម្លាប់គ្រួសាររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបន្តសវនាកាជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានបន្តសវនាការសំណុំរឿងរៀបចំគម្រោងរំលោភសេពសន្ថវៈនិងសម្លាប់ក្រុមគ្រួសារលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានលោក សាន សុផាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។

កាលពីសវនាការលើកមុន ជនជាប់ចោទមួយចំនួន ដែលអ្នកខ្លះកំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការ និងអ្នកខ្លះទៀតមានឈ្មោះជាទណ្ឌិតទៅហើយ នៅតែបដិសេធថា ពុំបានជួលឃាតករឲ្យលួចចូលក្នុងភូមិគ្រឹះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រី និង សម្លាប់ភរិយា ដូចការចោទប្រកាន់នោះ ទេ ។

ជនជាប់ចោទឈ្មោះ ឡាយ ហួង ជាអតីតភរិយារបស់លោកឧកញ៉ា ខូវ ផល្លាបុត្រ ដែលអ្នកទាំងពីរនាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងការរៀបចំគម្រោងរំលោភសេពសន្ថវៈនិងសម្លាប់ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅ ។

ជនជាប់ចោទ ឡាយ ហួង បាននិយាយក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញថា ខ្លួនពុំបានរៀបចំគម្រោងសម្លាប់ដូចការចោទប្រកាន់នោះទេ ដោយស្នើឲ្យតុលាការជួយរកយុត្តិធម៌ ។

ដោយឡែកទណ្ឌិតមួយរូបក្នុងចំណោម៤រូប គឺអ្នកស្រី សេង ច័ន្ទដា ត្រូវជាភរិយាក្រោយរបស់លោកឧកញ៉ា ខូវ ជឺលី អ្នកមានស្តុកស្តម្ភនៅកម្ពុជា ក៏បានបដិសេធការចោទប្រកាន់ដូចគ្នា ។ អ្នកស្រី សេង ច័ន្ទដា ដែលជាទណ្ឌិតត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ ហើយនោះ បាននិយាយថា ទេវតាពិតជាមានភ្នែកស្វែងរកយុត្តិធម៌ ជូនអ្នកស្រី ព្រោះអ្នកស្រីពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ពោលគឺជារឿងទម្លាក់កំហុសសុទ្ធសាធ ។

ទោះបីយ៉ាងណា កាលពីពេលកន្លងទៅ តុលាការរកឃើញថា អ្នកស្រី សេង ច័ន្ទដា និង គូកន ៣នាក់ផ្សេងទៀត ពិតជាមានពិរុទ្ធភាពក្នុងបទល្មើសនេះប្រាកដមែន រហូតបានចេញ សាលដីកាពីតុលាការកំពូលចូលជាស្ថាពរថែមទៀតផង ៕

20160224175034

20160224175034 (1)

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print