កាលពីថ្ងៃទី២៧ ខែមករា ប្រធានការិយាល័យគណៈរដ្ឋមន្ត្រី ម៉ុងហ្គោលីលោកLuvsannamsrai Oyun-Erdene អាយុ៤១ឆ្នាំ ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីប្រទេសនេះតាមសំណើរបស់គណបក្ស ប្រជាជនមុងហ្គោលី (MPP) កាន់អំណាច។ នេះជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រទេសនេះមិនធ្លាប់មានពីមុនមក។ ការសម្រេចតែងតាំងលោក Oyun-Erdene សមាជិកគណបក្ស MPP ធ្វើជានាយករដ្ឋមន្ត្រីនេះគឺទទួលបានការតែងតាំងពីរដ្ឋសភា ដែលមាន៧៦កៅអី ហើយការអនុម័តទួទួលបានសំឡេងគាំទ្រដល់ទៅ ៨៧,៩%។ លោក Oyun-Erdene ឡើងកាន់តំណែងជំនួសលោក Ukhnaa Khurelsukh ដែលបានលាលែងចេញពីតំណែងកាលពីថ្ងៃទី២១ខែមករា ហើយរំលាយរដ្ឋាភិបាលដើម្បីទទួលនូវកំហុសឆ្គងពីការគ្រប់គ្រងការឆ្លងរាលដាលកូវីដ- ១៩មិនបានល្អ។ បាតុកម្មជាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលនៅរដ្ឋធានីUlan Bataar ក្រោយពេលបណ្តាញទូរទស្សន៍មុងហ្គោលីផ្សព្វផ្សាយពីរូបភាពស្ត្រីម្នាក់និងទារកទើបតែកើត ទៅកាន់ទីតាំងធ្វើចត្តាឡីស័កដោយសារតែការឆ្លងកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមករា។ ក្នុងពេលជាមួយគ្នានេះដែរអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លង (NCCD) របស់ប្រទេសមុងហ្គោលី លោកDulmaa Nyamkhuu ក៏ត្រូវបានដកតំណែងដោយសារតែមិនអាចគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ បានល្អ។ បច្ចុប្បន្នមុងហ្គោលីមានអ្នកឆ្លងកូវីដ-១៩ចំនួន១.៦៩២នាក់ ស្លាប់២នាក់ ក្នុងនោះមានអ្នកឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងកន្លងមក មានដល់ទៅ២៥នាក់។ ការឆ្លងកើនឡើងបង្កក្តីបារម្ភយ៉ាងខ្លាំងពីពលរដ្ឋ៕ ដោយ សាធី
រូបភាព៖Wikipedia