ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នារសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នាចុះធ្វើកោសល្យវិច័យលើករណីចង.កធ្វើអត្តឃាត២លើក ដែលបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវករណីចង.កធ្វើអត្តឃាតខាងលើគឺ ករណីទី-១ បានកើតឡើងនៅវេលាម៉ោងទៀបបភ្លឺឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឡបាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ សេង តាក់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនប្រុសស្រីចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ មូលហេតុអាចអាក់អន់ចិត្តនឹងស្រ្តីជាប្រពន្ធ។ ខណៈមុនកើតហេតុគេឃើញពួកគាត់នាំគ្នាទៅសាលាឃុំ ដើម្បីលែងលះគ្នាប៉ុន្តែបុរសជាប្ដីជនរង(គ្រោះ)មិនព្រមផ្ដិតមេដៃ ក៏នាំគ្នាត្រឡប់មកផ្ទះវិញ ប៉ុន្តែស្រ្តីជាប្រពន្ធមិននៅដេកផ្ទះទេ គឺដេកនៅផ្ទះម្ដាយដែលនៅក្បែរនោះ លុះនៅវេលាខាងលើក៏មានហេតុការណ៍បែបនេះតែម្តង ។
ប្រភពដដែលបន្តទៀតថា ករណីទី-២ បានកើតឡើងនៅវេលាពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី២៦ ខែឆ្នាំដដែល(ហើយបានបាត់ខ្លួនរហូតរកពុំឃើញ)ស្ថិតនៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនរងគ្រោះឈ្មោះ តាប់ វុិត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនស្រីចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ។ មូលហេតុមានជំងឺសរសៃប្រសាទ ព្រោះកន្លងមកនៅពេលស្រវឹងម្ដងៗ តែងតែឡើងជញ្ជាំងឬដើមឈើ ប៉ងធ្វើអត្តឃាត ប៉ុន្តែបានក្រុមគ្រួសារ និងសាច់ញាតិជួយទាន់ ។
ប្រភពបញ្ជាក់បន្ថែមបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចរាល់ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធករណីបទល្មើសផ្សេងៗ នោះទេទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ÷ បុឹម ពិន