ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឱ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរងគ្រោះចំនួន៧នាក់ ក្នុងនោះមានអនីតិជនចំនួន៥នាក់។
ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានសម្របសម្រួលនីតិវិធីពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក
ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានឃាត់ស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់និងនារីរងគ្រោះក្មេងៗចំនួន៧នាក់ នៅវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋាន តាឪ ក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្យល់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឆយ ចន្ថា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល តាមផ្លូវបេតុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងនារីរងគ្រោះចំនួន៣នាក់ឃាត់ខ្លួននៅចំណុចភោជនីយដ្ឋានតាឪ ក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និង នារីជនរងគ្រោះចំនួន៤នាក់បន្ថែមទៀត ឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ហេងមហាសាល តាមផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមនារីរងគ្រោះបានឱ្យដឹងថា ភោជនីយដ្ឋានតាឪ ចាប់ផ្ដើមបើកដំណើរការពីម៉ោង១១ថ្ងៃត្រង់រហូតដល់ម៉ោង៩យប់ដោយមាននារីៗក្មេងជាច្រើននៅចាំបម្រើភ្ញៀវនៅ។ ចំពោះភ្ញៀវដែលចូលមកហាង ពេលត្រូវការនារីក្មេងៗមកអង្គុយកំដរនិងទៅរួមភេទនៅខាងក្រៅគឺមេការឈ្មោះ ឆយ ចន្ថា អាចធ្វើការទាក់ទងតាមរយៈទូរស័ព្ទ រួចហើយនាំមកឱ្យភ្ញៀវមើលនិងសម្រាប់រួមភេទ ដោយក្មេងៗនារីមានអាយុចន្លោះពី១៥ឆ្នាំ ១៦ឆ្នាំឡើងទៅក្នុងតម្លៃនៃការរួមភេទ១ដងចាប់ពី១០០$ដល់១៥០$។ ចំពោះលុយបានមក គឺត្រូវឱ្យទៅមេខ្យល់ចំនួន១៥$ទៅ២០$ ហើយបន្ថែមទៀតនោះមេខ្យល់បានសុំលុយធីបពីភ្ញៀវចំនួនពី២០$ទៅ៥០$ជាកម្រៃជើងសារដែលខ្លួនបាននាំនារីមកឱ្យរួមភេទជាមួយភ្ញៀវផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ស្រ្តីសង្ស័យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕ ដោយ រ៉ារ៉ា