ព័ត៌មានលម្អិតបន្ថែម៖ អគ្គិភ័យលេបត្របាក់ឃ្លាំងក្រុមហ៊ុន ឡុង ភឿង និងផ្ទះប្រជាពលរដ្ឋចំនួន៣ល្វែងបណ្តាលឱ្យកម្មករ២នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ កម្មករ២នាក់បានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យមួយដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅឃ្លាំងស្តុកទំនិញថង់ប្លាស្ទិក រួមទាំងកៅស៊ូកង (ទំហំ ២១ម៉ែត្រ x ២៥ម៉ែត្រ ) យីហោ ឡុង ភឿង និងបន្តឆាបឆេះផ្ទះអស់៣ល្វែងទៀតបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនិងការិយាល័យបង្ការ ពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២:៤០នាទ រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ឃ្លាំងឈ្មោះ ស៉ិន ណាត ភេទប្រុស អាយុ ៥០ឆ្នាំ ។

សពជនរងគ្រោះទី១-ឈ្មោះ សយ ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ ទីតាំងកេីតហេតុខាងលេី និងទី២-ឈ្មោះ វ័ន្ត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ ទីតាំងកេីតហេតុខាងលេីដែរ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីឃ្លាំងស្តុកទំនិញនាំចូលពីក្រៅប្រទេស ហើយបន្តិចក្រោយមកក៏ស្រាប់តែមានផ្សែងនិងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តងធ្វើឱ្យប្រជាពលរដ្ធនៅជិតទីតាំងកើតហេតុនោះនាំគ្នាយកបំពង់ពន្លត់អគ្កិភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់តែមិនរលត់។ដោយស្ថានភាពអណ្តាតភ្លើងកាន់តែឆេះខ្លាំងឡើងៗនោះប្រជាពលរដ្ឋបានទាក់ទងទៅកម្លាំងសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍។

ប្រភពព័ត៌មានពីសម្ថកិច្ចបានឱ្យដឹងថាបន្ទាប់ពីប្រជាពលរដ្ធបានរាយការណ៍ថាមានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញភ្លាម កម្លាំងសម្ថកិច្ចខណ្ឌបានចុះទៅដល់ទីតាំងកើតហេតុហើយបានរាយការណ៍បន្តទៅករិយាល័យបង្ការនិងពន្លត់អគ្គិភ័យដើម្បីសុំឱ្យចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្កា រនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះមានរថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ ១៨០ឡាន ក្នុងនោះមានរថយន្ត ពន្លត់អគ្គិភ័យជំនួយរួមមាន៖
រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ៥គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន , រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហ្ថតរាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន , រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន , រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វាចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣០ឡាន , រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន , រថយន្តពន្លត់អគ្គិភ័យអូឡាំព្យ៉ាចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន , រថយន្តពន្លត់អគ្គិភ័យង៧០ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន ។

អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ១០និង០០នាទី ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ ចំណែកការខូចខាត គឺភ្លើងបានឆាបឆេះឃ្លាំងស្កុកទំនិញអស់ទាំងស្រុង រួមទាំងផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ល្វែង។ ចំណែកសពកម្មកររងគ្រោះទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឱ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមូលហេតុកំពុងស្រាវជ្រាវបន្ត៕ ដោយរ៉ារ៉ា

           

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print