ភ្នំពេញ, រដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២៩២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៧ :៣០នាទី ពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត ចំការមន ស្ថិតនៅភូមិបាក់ខែង លើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច
កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេស ចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទ លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ មួយព្រឹក រហូតដល់បញ្ចប់ កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តខាងលើ មេត្តាជ្រាប និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើ តាមកាលបរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់ បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សុខ ខេមរា