ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះក្នុងបណ្តាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក)នាំគ្នាចាប់អារម្មណ៍នឹងសកម្មភាពក្មេងប្រុសម្នាក់អាយុប្រមាណ១០ឆ្នាំដែលមានមាឌមាំទ្រលុកទ្រលន់បានរុញរទេះលក់លៀសហាលទាំងកណ្តាលថ្ងៃក្តៅចែសគ្មានពាក់មួកនិងពោរពេញដោយទឹកមុខញញឹមរីករាយចំពោះភ្ញៀវដែលបានជួយទិញលៀសហាលរបស់គេ ។ អ្វីដែលមានការចាប់អារម្មណ៍ទៀតនោះ គឺ នៅលើផ្ទៃមុខរបស់គេ ក្មេងប្រុសម្នាក់នេះបានគូរពុកមាត់ឆ្មា ក្រវេមក្រវាមពេញមុខ ដើម្បីធ្វើឲ្យមានការទាក់ទាញដល់ភ្ញៀវចូលមកទិញលៀសហាល មើលទៅគួរឲ្យចង់សើច ។
បន្ទាប់ពីមានអ្នកបង្ហោះរូបភាពក្មេងប្រុសម្នាក់នេះលក់លៀសហាលនៅក្នុងហ្វេសប៊ុកភ្លាម ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្ត បានព្យាយាមរកជួបក្មេងប្រុសដ៏រួសរាយនេះនៅម្តុំបឹងត្របែក ខណ្ឌចំការមន ដើម្បីចង់ដឹងពីប្រវត្តិនិងជីវ ភាពរស់នៅរបស់គ្រួសារគេដែរ តែមិនអាចរកឃើញ ទើបធ្វើឲ្យមិនមានព័ត៌មានពិស្តារ។ ប៉ុន្តែទោះយ៉ាងណាតាមរយៈការlike និង Comment នៅក្នុងហ្វេសប៊ុកដែលមកដល់ពេលនេះមានរហូតដល់ជិត១៥០០០នាក់ទៅហើយនោះ មានមនុស្សជាច្រើនបានសម្តែងការអាណិតអាសូរចំពោះការតស៊ូលក់លៀសហាលកណ្តាលថ្ងៃចែសជារៀងរាល់ថ្ងៃដើម្បីជួយផ្គត់ផ្គង់គ្រួសារ និងការរៀនសូត្រ របស់គេ ។ ក៏នៅមានភាពឆ្លាតវៃ មួយទៀតដែលគេមានអត្តចរិតរួសរាយពីធម្មជាតិតាមរយៈសម្តីទន់ ភ្លន់ និងកាយវិការក្រមាច់ក្រមើមគួរឲ្យស្រលាញ់ ។
នៅក្នុងអាក់ខោនរបស់នារីស្រស់ស្អាតម្នាក់ឈ្មោះ Na Ta Audi ដែលបង្ហាញរូបភាពគាត់ថត ជាមួយក្មេងប្រុសលក់លៀសហាលយ៉ាងក្រមាច់ក្រមើមផងនោះ នាងសរសេរថា (អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើគាត់ គឺថាគាត់គួរឲ្យស្រលាញ់មែនទែន …គាត់ពូកែនិយាយ ហើយគាត់មានគំនិតឆៃ្នប្រឌិតខ្លួនឯង …ធ្វើខ្លួនប្លែកដើរលក់លៀសហាល។ គាត់ប្រាប់ខ្ញុំថា មុខ គឺគាត់គូរដោយខ្លួនឯង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ លក់ឲ្យដាច់ រកប្រាក់ សម្រាប់គ្រួសារ និង ការសឹក្យា របស់គាត់ …ភាគច្រើនគាត់អូសលក់តាមផ្លូវ បឹងត្របែក បើបានឃើញ សូមមេត្តាជួយទិញប្អូនផង! )
ថ្វីបើយើងមិនបានជួបផ្ទាល់ តែយើងអាចសន្និដ្ឋានថាក្មេងប្រុសម្នាក់នេះមិនមែនឋិតក្នុងគ្រួសារ ធូរធារនោះទេ ច្បាស់ជាមានជីវភាពខ្វះខាតខ្លាំងតាមរយៈគេនិយាយថា គូរមុខពុកមាត់ឆ្មាដើម្បីទាក់ទាញអារម្មណ៍ លក់លៀសឲ្យដាច់ រកប្រាក់ សម្រាប់គ្រួសារ និងការសិក្សា ៕
ដោយ៖ ប្រាថ្នា