ជនសង្ស័យនៅពីក្រោយ​ការវាយប្រហារ​១១កញ្ញាឆ្នាំ​២០០១ ទទួលបានការចាក់វ៉ាក់សាំង​កូវីដ​-១៩

ចែករំលែក៖

ពលរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយសារជនសង្ស័យនៅពីក្រោយការវាយប្រហារភេរវកម្មនៅអាមេរិកកាលពីថ្ងៃទី ១១ខែកញ្ញា ឆ្នាំ​២០០១​ទទួលបានការចាក់វ៉ាក់សាំងកូវីដ​-១៩ មុនពលរដ្ឋអាមេរិកទៅទៀត។ ជនសង្ស័យរងការចោទប្រកាន់នៅពីក្រោយការវាយប្រហារ ឈ្មោះKhalid Sheikh Mohammed នឹងទទួលបានការចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗនេះ។
មន្ទីរបញ្ចកោណអាមេរិក បានប្រកាសថា អ្នកទោសដែលឃុំខ្លួននៅ Guantanamo នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ​-១៩ ​។​ វ៉ាក់សាំងនឹងផ្តល់ជូនឆ្មាំគុក និងអ្នកទោសទាំងនោះនៅក្នុងមន្ទីរឃុំឃាំង ក្នុងនោះមានទាំងជនសង្ស័យ​ដែលអាមេរិកចោទប្រកាន់ថាជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម ១១កញ្ញា​គឺលោកKhalid Sheikh Mohammed។
ការចាក់វ៉ាក់សាំងដល់អ្នកទោស​ នៅមន្ទីរឃុំឃាំង Guantanamo នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ​​​។ មន្តីរឃុំឃាំង​Guantanamo នៅសល់អ្នកទោសតែ​៤០ នាក់ប៉ុណ្ណោះ ។
ពាក់ព័ន្ធកូវីដ​-១៩នេះដែរ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានចេញបទបញ្ជាមួយទៀត ដែលតម្រូវឲ្យពលរដ្ឋគ្រប់គ្នាពាក់ម៉ាស់នៅពេលធ្វើដំណើរតាមសេវាដឹកជញ្ជូនសាធារណៈ។
សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១​ បានផ្សាយថា ការជំរុញឲ្យអនុវត្តបទបញ្ជាខាងលើ បានកើតមានឡើងបន្ទាប់ពី មួយរយៈពេលចុងក្រោយនេះអត្រានៃការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃទូទាំងសហរដ្ឋអាមេរិកនៅតែមានកម្រិតខ្ពស់ដដែល ខណៈចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ជិត ៤,០០០នាក់។
បទបញ្ជាជំរុញបន្ថែមរបស់ CDC ខាងលើនេះ នឹងត្រូវអនុវត្តចាប់ពីដើមសប្តាហ៍ក្រោយនេះតទៅ ដោយអ្នកដំណើរ និងអ្នកបម្រើការងារទាំងអស់នៅលើយន្តហោះ, រថភ្លើង, នាវា, ផ្លូវក្រោមដី, រថយន្តក្រុង, រថយន្តតាក់ស៊ី និងយានជំនិះផ្សេងៗទៀត ត្រូវតែពាក់ម៉ាស់ជាប្រចាំ។ វាជាការជំរុញបន្ថែមទៅលើបទបញ្ជា ដែលមានស្រាប់របស់លោកប្រធានាធិបតី ចូ បៃឌិន ដែលបានដាក់ចេញកាលពីថ្ងៃទី២១ ខែមករា។
ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៦,៥១២,១៩៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៤៧,៤៥៩នាក់ និងជាសះស្បើយឡើងសរុប ១៦,១៩៩,៥៧២លាននាក់៕ ដោយ សាធី

...

រូបភាព៖  NY Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print