ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត បន្ទាប់ពីរូបគាត់ជិះម៉ូតូលឿនពេក និងមិនគោរពភ្លេីងស្តុបបានជ្រុលទៅបុករថយន្តតាកូម៉ា ដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅត្រង់ចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមសាក្សីដែលឃេីញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា ដំបូងរថយន្តម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-0007 បានដឹកបន្លែពេញរថយន្ត ហើយបើកតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជេីង ។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AO-1852 តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនគោរពភ្លេីងស្តុបផងនោះ ក៏ជ្រុលទៅបុករថយន្តតាកូម៉ា ចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសភាគីខាងម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះជីវិតភ្លាមៗ ។ ចំណែករថយន្តនិងម៉ូតូបានរងការខូចខាតដូចគ្នាយ៉ាងដំណំផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌនិងរាជធានីភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ