ខេត្តព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២១ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តដឹកបញ្ជាដោយលោកឧត្ដមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការឃាត់ខ្លួនមេក្លោងចាប់ដីអនាធិបតេយ្យនិងបក្ខពួក ១០ នាក់ នៅតំបន់ ពូយម៉ាចូវ ភូមិ គគីរ ឃុំ បិតត្រាង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ដកហូតកាំភ្លើងខ្លី ១ដេីម ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
មេក្លោងចាប់ដីអនាធិបតេយ្យមានឈ្មោះ កុយ ស៊ុន ជាអតីតឧត្ដមសេនីយ៍មួយរូប និង បក្ខពួក តែងតែធ្វេីសកម្មភាពដេីរចាប់ដីរបស់ប្រជាជន និងដីរដ្ឋដោយខុសច្បាប់នៅភូមិ គគីរ ឃុំ បិតត្រាង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយមានមេក្លោងធំនៅភ្នំពេញ នៅពីក្រោយខ្នង ។
ប្រភពពីសមត្ថភាពបានអោយដឹងទៀតថា ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ នៅមានក្រុមអនាធិបតេយ្យជាច្រើនក្រុមទៀតកំពុងធ្វើសកម្មភាព ហេីយមេក្រុម អនាធិបតេយ្យខ្លះយកលុយទៅសូកធ្វេីទីប្រឹក្សាថ្នាក់ដឹកនាំក៏មាន ។
សូមបញ្ជាក់ថា ករណីចាប់ដីអនាធិបតេយ្យនៅខេត្តព្រះសីហនុ បានកេីតឡេីងបន្ទាប់ពីវត្តមានវិនិយោគចិនចូលមកកាន់ខេត្តជាប់សមុទ្រមួយនេះ ។ ជាពិសេសវិវាទដីធ្លីបានក្លាយទៅជាបញ្ហាស្មុគស្មាញខ្លាំងដល់អាជ្ញាធរ ព្រោះដីខ្លះមានម្ចាស់រហូតដល់ជិត ១០ នាក់ក៏មាន ។
ជាទូទៅគេសង្កេតឃើញថា អ្នកណាមានអំណាច មានលុយ អ្នកនោះនឹងមានប្រៀបឈ្នះក្លាយជាម្ចាស់ដី ។ ចំណែកអ្នកតូចតាចក្លាយជាអ្នករងគ្រោះ ៕
ដោយ៖ សូរិយា