ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២៦ កុម្ភៈ ២០១៦ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកវេទិកាយុជនអាស៊ី (Asian Youth Forum) ក្រោមប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូក្នុង តំបន់ឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ប្រកបដោយ និរន្តរ៍ភាព Peace, Democracy, and Regional Partnership toward Sustainable Development Goals» ដែលសហការរៀបចំដោយក្រុមប្រឹក្សាយុវជនអាស៊ី និង សហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ។
ក្រុមប្រឹក្សាយុវជនអាស៊ី គឺជាអង្គការយុវជនមិនមែនរដ្ឋាភិបាលនៅកម្រិតតំបន់ ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៧២ ក្នុងគោលបំណងផ្ដល់ជាវេទិការួមមួយដល់ថ្នាក់ដឹកនាំយុវជន និងយុវជនអាស៊ី ដែលមានលបំណងស្រដៀងគ្នា ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនអាស៊ី ដែលបានខិតខំ រៀបចំវេទិការយុវជនអាស៊ីឆ្នាំ២០១៦នេះឡើង។ វត្តមានរបស់យុវជនគ្រប់រូបដែលមកពីចំនួន១៦ប្រទេសចូលរួមវេទិការនេះ គឺដោយសារតែកម្ពុជាមាន សន្តិភាព ដែលជាឱកាស របស់យុវជនគ្រប់រូប ស្វែងរកការងា និងបទពិសោធន៍សំរាប់ជីវិត។ សន្ដិភាព និងប្រជាធិបតេយ្យសុទ្ធសឹងជាមូលដ្ឋានចាំបាច់ចំពោះការដោះស្រាយក្ដីបារម្ភ និងសម្រេចឲ្យបានសេចក្ដីប្រាថ្នារបស់ប្រជាជនវ័យក្មេង ក៏ដូចជាក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
យើងទាំងអស់គ្នាត្រូវតែចងចាំផងដែរថា មានការចូលរួមពីស្រទាប់យុវជនខ្មែរជាច្រើននៅក្នុងរណសិរ្សសង្គ្រោះជាតិ២ធ្នូ ក្នុងការរំដោះប្រទេសពីរបបខ្មែរក្រហម នៅថ្ងៃទី៧ មករា ១៩៧៩ និងបន្តកសាង ប្រទេសជាតិអោយមានការរីកចម្រើរហូតដល់សព្វថ្ងៃនេះ។ សន្តិភាពមិនមែនកើតឡើងដោយឯកឯងនោះទេ គឺអាស្រ័យដោយមានការខិតខំប្រឹងប្រែងចូលរួមពីស្រទាប់យុវជនទាំងអស់គ្នា។ ពង្រឹងទំនាក់ទំនងមកពីបណ្តារប្រទេសរួមគ្នាក្នុងការពិភាក្សាចែករំលែកបទពិសោធន៍ ជាមធ្យោបាយមួយក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវការយោគយល់គ្នាទៅវិញទៅមក ដើម្បីប្រមូលផ្ដុំកិច្ចប្រឹងប្រែងរួម និងជាកត្ដាជំរុញឳកាសការងារដល់យុវជន។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់យុវជនទាំងអស់ដែលកំពុងចូលរួមក្នុងវេទិការយុវជនអាស៊ីឆ្នាំ២០១៦នេះ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៏ អោយគ្នាទៅវិញទៅមក និងដើម្បីចូលរួមដោះស្រាយបញ្ហាផ្សេងៗ និងដើម្បីវឌ្ឍនភាពសង្គម និងការរីកចម្រើន។ សម្តេចតេជោ គឺជាប្រមុខដឹកនាំដែល តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនកម្ពុជាគ្រប់ៗរូប៕
ដោយ៖ សុខ ខេមរា