ពលរដ្ឋមីយ៉ាន់ម៉ាវាយចានឆ្នាំ​ងប្រឆាំងការធ្វើរដ្ឋប្រហារនៅប្រទេសរបស់ខ្លួន(មានវីដេអូ​)

ចែករំលែក៖

ពលរដ្ឋមីយ៉ាន់ម៉ានាំគ្នាធ្វើបាតុកម្ម វាយចានវាយឆ្នាំង​យ៉ាងកងរំពងនៅទីក្រុង Yangon ដើម្បីប្រឆាំងការធ្វើរដ្ឋប្រហារក្នុងប្រទេសនេះ។

ពលរដ្ឋបានប្រើប្រាស់បណ្តាញសង្គម​ នៅទីក្រុង Yangon ដើម្បី ផ្សព្វផ្សាយវីដេអូ​ស្តីពីការធ្វើបាតុកម្មវាយចានវាយឆ្នាំងនៅតាមទីប្រជុំជន​ ។ បាតុកម្មធ្វើឡើងតាមបែបសន្តិភាព ដោយពលរដ្ឋមិនបានដង្ហែក្បួននោះឡើយ គឺស្ថិតនៅក្នុងផ្ទះរៀងៗខ្លួន ដោយចេញមកមុខផ្ទះ​ ដើម្បី​វាយចានឆ្នាំងជាការប្រឆាំងនឹងរដ្ឋប្រហារ​។
ចំណែកអ្នកបើកបររថយន្ត ម៉ូតូ​តាមផ្លូវ គឺពួកគេសុីផ្លេរហូត​ដោយស្រែកច្រៀងចម្រៀងជាតិ​និងស្រែកខ្លាំងៗ​។
តាមសារព័ត៌មានរ៉យទ័រថា នេះជាសកម្មភាពធ្វើបាតុកម្មប្រឆាំងតាមបែបសន្តិភាពទ្រង់ទ្រាយធំបំផុតដើម្បីប្រឆាំងការធ្វើរដ្ឋប្រហារ។
ពលរដ្ឋប្រើប្រាស់បណ្តាញសង្គម​ហ្វេសប៊ុក នៅមីយ៉ាន់ម៉ា ដោយបានប្រើប្រាស់​រូបលោកស្រីអង់សាន ស៊ូជីធ្វើជាតំណាង ជាការគាំទ្រដល់លោកស្រី​។ ពលរដ្ឋបាននាំគ្នាឈប់ប្រើប្រាស់ផលិតផល​នានាដែលផលិតដោយក្រុមហ៊ុនមានទំនាក់ទំនងជាមួយយោធា ។
ជាមួយគ្នានោះដែរ​ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាជាង​៧០ ក្នុងខេត្តក្នុងចំនួន​៣០​ នៅថ្ងៃទី ៣ខែកុម្ភៈ បាននាំគ្នាធ្វើកូដកម្ម​ ប្រឆាំងនិឹងការធ្វើរដ្ឋប្រហារ បើទោះបីមានការឆ្លងរាលដាលកូវីដ​-១៩ កើនឡើងខ្ពស់ក្តី។
ក្រុមគ្រូពេទ្យចេញសេចក្តីប្រកាសថា​ ក្រុមគ្រូពេទ្យមិនទទួលស្គាល់​ការដឹកនាំដោយរដ្ឋាភិបាលយោធាឡើយ ហើយក្រុមគ្រូពេទ្យនឹងស្តាប់តាមតែ​រដ្ឋាភិបាលដែលបានជ្រើសរើសដោយការបោះឆ្នោត​តែប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងលោកស្រីអង់សាន ស៊ូជី និងប្រធានាធិបតីដែលយោធាចាប់ខ្លួន តាមប្រភពពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅប្រទេសមីយ៉ាន់ម៉ាបានអះអាងថា លោកប្រធានាធិបតី យូ វីន ម្យីនត៍ (U Win Myint) និងលោកស្រី អង់សាន ស៊ូជី នឹងត្រូវបន្តជាប់ឃុំខ្លួន រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមសេចក្តីប្រកាសដោយគណបក្ស NLD នៅលើគណនីបណ្តាញសង្គមរបស់ខ្លួន លោកប្រធានាធិបតី U Win Myint ត្រូវបានប៉ូលិសចោទប្រកាន់ដោយយោងទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ខណៈលោកស្រី អង់សាន ស៊ូជី ដែលមានតំណែងជាទីប្រឹក្សារដ្ឋវិញ ក៏ត្រូវបានចោទប្រកាន់ផងដែរ ដោយយោងទៅតាមច្បាប់ Export និង Import របស់សហភាពមីយ៉ាន់ម៉ា។
ទោះជាកន្លងមកមានការអះអាងថា អ្នកទាំងពីរត្រូវបានឃុំខ្លួនក្នុងលំនៅឋានមែន ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានប្រភពណាអាចបញ្ជាក់ថា តើថ្នាក់ដឹកនាំទាំងនេះ កំពុងស្ថិតនៅទីណាឲ្យប្រាកដនោះឡើយ៕ ដោយ៖ធីរីណា

https://youtu.be/qHM-Y-uUvGk

រូបភាព៖AFP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print