ខេត្តមណ្ឌលគិរី៖ ជ្រូកកណ្ដុរដែលគេស្គាល់ថាជាពូជជ្រូករបស់ជនជាតិដើមភាគតិចចិញ្ចឹម កំពុងទទួលបានការពេញនិយមយកទៅ ទទួលទានជាខ្លាំង ខណៈដែលខេត្តមណ្ឌលគិរីបានទាក់ទាញអ្នកឲ្យទេសចរមកកម្សាន្តច្រើន ហើយពួកគាត់បានសាក នូវរសជាតិជ្រូកកណ្ដុរដែលធ្វើឲ្យជាប់ចិត្ត និងមានការបញ្ជាទិញទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។
លោក ចាន់ ម៉ារី ជាអាជីវករលក់ និងទទួលខ្វៃជ្រូកនៅក្រុងសែនមនោរម្យ បានឲ្យដឹងថា ជ្រូកកណ្ដុរនិងជ្រូកព្រៃ កាត់ជ្រូកកណ្ដុរដែលលោកចិញ្ចឹមគឺខុសពីជ្រូកស្រុកធម្មតា ព្រោះជ្រូកប្រភេទនេះចិញ្ចឹមមិនងាយធំទេ៣ខែបានទម្ងន់ខ្ទង់ ១០គីឡូទៅ១០គីឡូតិចតួច និងអស់ធំត្រឹម៥០គីឡូប៉ុណ្ណោះ ។
លោកថា ជ្រូកកណ្ដុរ និងជ្រូកព្រៃកាត់ជ្រូកកណ្ដុរខុសគ្នា ត្រង់ជ្រូកកណ្ដុរមានខ្លាញ់តិចតួច ចំណែចកាត់ជ្រូកព្រៃមិនមានខ្លាញ់ ហើយប្រភេទជ្រូកព្រៃកាត់ជ្រូកកណ្ដុរពេញនិយម ជាងជ្រូកកណ្ដុរទៅទៀត ហើយបច្ចុប្បន្នលោកនៅសល់ជ្រូកប្រមាណ៧០ក្បាល ។
លោក ចាន់ ម៉ារី បន្ថែមថា ជ្រូកពីរប្រភេទដែលលោកចិញ្ចឹមនេះអាចលក់បាន៣ទៅ៤ក្បាលរៀងរាល់ថ្ងៃ ចំណែក ថ្ងៃចុងសប្ដាហ៍លក់បានដល់១០ក្បាល ក្នុងតម្លៃចន្លោះពីជាង៥០ម៉ឺនទៅជាង៧០ម៉ឺនរៀល តាមតូចឬធំ និងជាតម្លៃ ដែលខ្វៃរួចហើយ។ លោកបញ្ជាក់ថា លោកបានចិញ្ចឹមជ្រូកកណ្ដុរប្រហែល៤ឆ្នាំហើយ ប៉ុន្តែលក់ដាច់ខ្លាំងនៅក្នុងឆ្នាំ ២០២០ និងឆ្នាំ២០២១នេះ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានថ្លែងថា ជ្រូកកណ្ដុរឬជ្រូក ព្រៃកាត់ជ្រូកកណ្ដុរនេះ កំពុងមានការពេញនិយមណាស់ដោយអ្នកទេសចរចូលចិត្តទិញយកទៅពិសា ប៉ុន្តែខេត្តមណ្ឌលគិរី មិនទាន់មានការចិញ្ចឹមខ្នាត់ជាកសិដ្ឋាននៅឡើយទេ មានត្រឹមលក្ខណៈគ្រួសារប៉ុណ្ណោះ ៕
ដោយ៖ សូរិយា