នៅថ្ងៃទី៤ខែកុម្ភ ប្រធានាធិបតីបៃឌិន បានប្រកាសថា នឹងអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ ប្រមាណ ១២៥ពាន់នាក់ចូលមករស់នៅក្នុងទឹកដីអាមេរិក គឺកើន ១៥០០០នាក់ ។
ប្រធានាធិបតីបៃឌិនបានប្រកាសនៅក្នុងក្រសួងការបរទេសអាមេរិកថា «នៅថ្ងៃនេះ ខ្ញុំអនុញ្ញាតឲ្យដំណើរការច្បាប់អន្តោប្រវេសន៍ ដោយអនុញ្ញាតឲ្យពលរដ្ឋចូលមករស់នៅអាមេរិកច្រើនជាងមុន។ ការបង្កើនចំនួនជនអន្តោប្រវេសន៍ចូលក្នុងទឹកដីអាមេរិកគឺដើម្បីជួយដល់ជនភៀសខ្លួនបានកាន់តែច្រើន មករស់នៅលើទឹកដីអាមេរិក ។
នៅក្នុងសុន្ទរកថា លោកបៃឌិនបានបញ្ជាក់ថា គោលនយោបាយកិច្ចការបរទេសរយៈពេល៤ឆ្នាំកន្លងមក បានប៉ះពាល់យ៉ាងខ្លាំងដល់អាមេរិក។ ទាំងនោះហើយទើបលោកចាំបាច់ត្រូវតែកែទម្រង់ជាបន្ទាន់ ដើម្បីបង្កើនឥទ្ធិពលរបស់អាមេរិកឡើងវិញ។
លោកបៃឌិនបានលើកឡើងថា «ក្នុងរយៈពេល២សប្តាហ៍កន្លងមក ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រទេសជាច្រើន ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក ក្នុងនោះមាន កាណាដា ម៉ិចស៊ីកូ អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ព្រមទាំងអង្គការណាតូផងដែរ។
ប្រធានាធិបតី បៃឌិន បានប្តេជ្ញា ធ្វើឲ្យអាមេរិក មានមុខមាត់ឡើងវិញ ក្រោយការធ្លាក់ចុះ រយៈពេល៤ឆ្នាំកន្លងមក ។ អ្វីដែលលោកបៃឌិន ត្រូវធ្វើនោះគឺ ទប់ស្កាត់ការឆ្លងកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពបំផុតទើបអាចដំណើរការសេដ្ឋកិច្ច សង្គម អាមេរិកល្អប្រសើរឡើងវិញបាន។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២១,៦២៧នាក់ទៀតបានឆ្លង COVID-19 ខណៈដែលអ្នកជំងឺ ៣,៥២៣នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់២៧,២៧៣,៨៩០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៦៦,៩៨៨នាក់ និងជាសះស្បើយឡើងសរុប ១៧,០៣១,៦២៩នាក់៕ដោយ សាធី
រូបភាព៖ Flickr