ពិធីស្បថចូលកាន់តំណែងរបស់តំណាងរាស្ត្រមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ខែកុម្ភៈ កើតឡើងក្នុងពេលដែលយោធាមីយ៉ាន់ម៉ាបានស្នើដល់តំណាងរាស្ត្រទាំង៤០០រូបដែលពលរដ្ឋបោះឆ្នោតគាំទ្រត្រូវតែចាកចេញពីរដ្ឋធានីជាបន្ទាន់ ក្នុងរយៈពេល២៤ម៉ោង។
នៅក្នុងពិធីចូលស្បថចូលកាន់តំណែង លោកស្រី Phyu Phyu Thin បាននិយាយទៅកាន់សារព័ត៌មាន The Irrawaddy ថា «គ្មានអ្នកណាម្នាក់អាចដកសិទ្ធិស្របច្បាប់របស់តំណាងរាស្ត្រដែលពលរដ្ឋបានបោះឆ្នោតគាំទ្រ។ទាំងនោះហើយគឺជាមូលហេតុដែល យើងខ្ញុំស្បថចូលកាន់តំណែងដើម្បីប្រជាជនមីយ៉ានម៉ា ដែលបានផ្តល់ទំនុកចិត្ត។ យើងខ្ញុំថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារ និងចាប់ខ្លួនមន្ត្រីជាច្រើនរូប ក្នុងនោះមានទាំងលោកស្រីអង់សាន ស៊ូជី និងប្រធានាធិបតី Win Myint»ផងដែរ។
តាមសារព័ត៌មាន The Irrawaddy ពិធីចូលកាន់តំណែងបានធ្វើឡើងក្នុងពេលដែលយោធាមីយ៉ាន់ម៉ាស្នើឲ្យតំណាងរាស្ត្រទាំង ៤០០ចាកចេញពីរដ្ឋធានីជាបន្ទាន់ក្នុងរយៈពេល២៤ម៉ោង ។ ជាមួយគ្នានោះ តំណាងរាស្ត្រចំនួន៧០នាក់ អនុញ្ញាតឲ្យបន្តនៅរដ្ឋធានីដល់ថ្ងៃទី ៦ខែកុម្ភៈ។
ពាក់ព័ន្ធការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ានេះ សារព័ត៌មានរ៉យទ័របានផ្សាយថាអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៤ខែកុម្ភៈ បានស្នើដល់យោធាមីយ៉ាន់ម៉ាដោះលែង អ្នកនយោបាយទាំងអស់ដែលយោធាបានចាប់ខ្លួនកាលពីថ្ងៃទី ១ខែកុម្ភៈ។
នៅពេលនេះដែរបណ្តាញសង្គមទាំងអស់ក្នុងប្រទេសនេះត្រូវបានបិទ ដើម្បីរក្សាសន្តិសុខស្ថិរភាព ដោយខ្លាចបណ្តាញសង្គមផ្សព្វផ្សាយ ចែករំលែកព័ត៌មានមិនពិតធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែអាក្រក់ថែមទៀត ៕ ដោយ សាធី
រូបភាព៖ The Irrawaddy