ខេត្តពោធិ៍សាត់ ៖ កុដិចំណាស់របស់ព្រះសង្ឃ១ខ្នងក្នុងបរិវេណវត្តអារាមមួយកន្លែង ត្រូវបានព្រះអគ្គីលេបត្របាក់អស់ទាំងស្រុង បើទោសជារថយន្តពន្លត់អគ្គីភ័យចេញមកបំរុងជួយអន្ដរាគម ដែលបញ្ហានេះបង្កឡើងដោយជនសង្ស័យដៃដល់សក់ស ។
ហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះកុដិព្រះសង្ឃខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង១៥នាទី ព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចក្នុងបរិវេណ(វត្តស្បូវរីក)ស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុលើកឡើងថា ករណីគ្រោះអគ្គីភ័យឆាបឆេះកុដិព្រះសង្ឃខាងលើ ឃើញរថយន្តពន្លត់អគ្គីភ័យចេញមកបំរុងជួយដែរ ប៉ុន្តែបានត្រឹមចតឈរមើលប៉ុណ្ណោះ ព្រោះអណ្ដាត់ភ្លើងឆាបឆេះស្ទើអស់ទាំងស្រុងទៅហើយ កុដិព្រះសង្ឃសង់អំពីឈើដំបូលប្រក់ក្បឿង(ចាស់)១ខ្នង ដែលមានទំហំទទឹងប្រវែង៧ម៉ែត្រ គុណនឹងបណ្ដោយប្រវែង៨ម៉ែត្រ(ឆេះអស់ទាំងសស្រុង)ឯការខូចខាតសម្ភាររួមមានៈ រថយន្តល្បែងលេងកំសាន្ត(ក្មេងៗ)ចំនួន៧គ្រឿង កោដិដាក់ធាតុចំនួន៤ ។
មន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលលាចបានឲ្យដឹងដែរថា ករណីអគ្គីភ័យឆាបឆេះខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ កែវ សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅខេត្តបាត់ដំបង មាន(សតិមិនប្រក្រតី) បច្ចុប្បន្ន បញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕
ដោយៈ បុឹម ពិន